កំពង់ចាមៈ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា កម្លាំងនគរបាលព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម បានស្រាវជ្រាវបង្ក្រាបក្រុមជនសង្ស័យ ក្នុងករណីលួចមានស្ថានទម្ងន់ទោស (ស្ទាក់វាយប្លន់យកម៉ូតូ) នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង១៨ និង១៥ នាទី នៅភូមិបាធាយ ឃុំបាធាយ ស្រុកបាធាយ ខេត្តកំពង់ចាម ។
សមត្ថកិច្ចបានឲ្យដឹងថា បន្ទាប់ពីទទួលបានព័ត៌មានខាងលើ លោកឧត្ដមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម បានដាក់បទបញ្ជាដល់ កម្លាំងជំនាញរបស់ផែនការងារនគរបាលព្រហ្មទណ្ឌ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ហេង វុទ្ធី ស្នងការរងទទួលផែនការងារនគរបាលព្រហ្មទណ្ឌ និងលោកវរសេនីយ៍ឯក ថាញ់ សុខវុន នាយការិយាល័យនគរបាលស្រាល និងកម្លាំងជំនាញរបស់អធិការដ្ឋាននគរបាលស្រុកបាធាយ ដឹកនាំដោយលោកវរសេនីយ៍ឯក សំ ណាល់ អធិការនគរបាលស្រុកបាធាយ សហការជាមួយកម្លាំងជំនាញរបស់ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ ដោយក្នុងកិច្ចប្រតិបត្តិការ ក្រោមការដឹកនាំសម្របសម្រួលនីតិវិធីដោយលោក ហាក់ ហ៊ាន់ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម ។
ជាលទ្ធផលនៃប្រតិបត្តិការខាងលើ កម្លាំងសមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន១២នាក់ ដកហូតវត្ថុតាងរួមមាន៖ ម៉ូតូជាមធ្យោបាយជិះធ្វើសកម្មភាព ចំនួន០៤គ្រឿង និងម៉ូតូរបស់ជនរងគ្រោះ ចំនួន០១គ្រឿង ។
បន្ទាបពីទទួលបានឆ្លើយសារភាពថា កន្លងមកពួកខ្លួនធ្លាប់ធ្វើសកម្មភាពដេញស្ទាក់វាយប្លន់យកម៉ូតូ នៅក្នុងភូមិសាស្ត្រស្រុកបាធាយ និងស្រុកជើងព្រៃ បានចំនួន០២លើក គឺ ៖
-លើកទី១ ៖ នៅថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង២២ និង០០នាទី នៅចំណុចតាមផ្លូវក្បែរោងចក្រជូហួយ ស្ថិតក្នុងភូមិរវាង ឃុំខ្នុរដំបង ស្រុកជើងព្រៃ ខេត្តកំពង់ចាម ។
-លើកទី២ ៖ នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង១៨ និង១៥នាទី នៅចំណុចតាមផ្លូវជាតិលេខ៦ ស្ថិតនៅក្នុងភូមិបាធាយ ឃុំបាធាយ ស្រុកបាធាយ ខេត្តកំពង់ចាម ។
បច្ចុប្បន្ន ជនសង្ស័យទាំង១២នាក់ រួមនឹងវត្ថុតាងខាងលើ ត្រូវបានបញ្ជូនទៅកាន់សាលាដំបូងខេត្តកំពង់ចាម ដើម្បីចាត់ការតាមនីតិវិធី ៕
មតិយោបល់