ព័ត៌មានជាតិ

លួចដែកតម្លៃ ៥០០០០ ដុល្លារបានសម្រេចហើយតែស៊យគេចមិនផុត

ភ្នំពេញៈ ជនសង្ស័យម្នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួនករណី លួច ដែកអេតចាយតម្លៃចំនួន ៥០០០០ ដុល្លារអាមេរិក កាលពីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង០៩និង៣០នាទី ត្រង់ចំណុចឃ្លាំងអេតចាយ ផ្លូវ២១៧ ស្ថិតនៅភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

ជនរងគ្រោះឈ្មោះ ឡេង លឹមអ៊ាង ភេទប្រុស អាយុ៤០ឆ្នាំ ជនជាតិខ្មែរ មុខរបរអាជីវករ ទីលំនៅផ្ទះគ្មានលេខ ផ្លូវ២១៧ ស្ថិតនៅភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
ឃាត់ខ្លួនជនសង្ស័យ០១នាក់ ឈ្មោះ ស៊ុង វិច្ឆិកា ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរបើករថយន្ត ស្នាក់នៅឃ្លាំងអេតចាយ ផ្លូវ២១៧ ស្ថិតនៅភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ មានស្រុកកំណើតភូមិត្រពាំងឬស្សី សង្កាត់បារាយណ៍ ក្រុងដូនកែវ ខេត្តតាកែវ ។
សម្ភារៈបាត់បង់៖ ដែកអេតចាយចំនួន២៨តោន សរុបជាទឹកប្រាក់ចំនួន ៥០០០០ ដុល្លារ (ប្រាំម៉ឺនដុល្លារអាមេរិក)
ហេតុការណ៍ ៖ កាលពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង១៩និង០០នាទី ជនរងគ្រោះឈ្មោះ ឡេង លឹមអ៊ាង ភេទប្រុស អាយុ៤០ឆ្នាំ បានឱ្យជនសង្ស័យឈ្មោះ ស៊ុង វិច្ឆិកា ភេទប្រុស អាយុ២៩ឆ្នាំ បើករថយន្តម៉ាក HINO ពណ៌ស ពាក់ស្លាកលេខភ្នំពេញ3F-6955 ផលិតឆ្នាំ២០០៦ មានលេខតួ JHDSH1EK261S21036 សណ្តោងរ៉ឺម៉កពាក់ផ្លាកលេខភ្នំពេញ4A-7550 ដឹកដែកអេតចាយចំនួន២៨តោន សរុបជាទឹកប្រាក់ចំនួន ៥០០០០ ដុល្លារ (ប្រាំម៉ឺនដុល្លារអាមេរិក) ចេញពីឃ្លាំងអេតចាយ ផ្លូវ២១៧ ស្ថិតនៅភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ទៅខេត្តប៉ៃលិន ។ រហូតដល់វេលាម៉ោង០៧និង០០នាទី ថ្ងៃទី២១ ខែឧសភាឆ្នាំ២០២១ ជនរងគ្រោះបានទូរស័ព្ទទៅសួរជនសង្ស័យ ក៏ប៉ុន្តែទូរស័ព្ទមិនអាចទាក់ទងបាន រួចជនរងគ្រោះក៏បានឆែកមើលជីភីអេស ដែលបំពាក់ជាប់នៅរថយន្តម៉ាកខាងលើ បង្ហាញទីតាំងផ្លូវជាតិលេខ៥ ស្ថិតនៅភូមិផ្សារត្រាច ឃុំលង្វែក ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង រយៈពេល០១ម៉ោងក្រោយមកជនរងគ្រោះបានឆែកមើលជីភីអេសម្តងទៀត ឃើញនៅកន្លែងដដែល ។ លុះដល់វេលាម៉ោង០៩និង៣០នាទី ថ្ងៃខែឆ្នាំដដែល ទើបជនសង្ស័យបានទូរស័ព្ទប្រាប់ទៅឈ្មោះ ចាន់ ប៊ុនណា ហៅ ឌីណា ភេទប្រុស អាយុ២៨ឆ្នាំ ថា មានគេដាក់ថ្នាំយកអ៊ីវ៉ាន់អស់ហើយ រួចឈ្មោះ ចាន់ ប៊ុនណា ហៅ ឌីណា បានប្រាប់ជនរងគ្រោះឱ្យបានដឹងរឿងខាងលើ ទើបជនរងគ្រោះដឹងថា ជីភីអេស ដែលដាក់ជាប់នឹងរថយន្តត្រូវបានជនសង្ស័យផ្តាច់ចោល ហើយជនរងគ្រោះក៏បានទូរស័ព្ទសួរបញ្ជាក់ទីតាំងជនសង្ស័យឱ្យបានច្បាស់ រួចជនសង្ស័យក៏បានប្រាប់ថា រូបគេ (ជនសង្ស័យ) កំពុងនៅលើផ្លូវជាតិលេខ៦អា ស្ថិតនៅស្រុកជើងព្រៃ ខេត្តកំពង់ចាម ។ បន្ទាប់មកជនរងគ្រោះក៏បានរាយការណ៍ប្រាប់សមត្ថកិច្ចនគរបាលស្រុកជើងព្រៃ ខេត្តកំពង់ចាម ជួយអន្តរាគមន៍ឃាត់ខ្លួនជនសង្ស័យ ហើយរាយការណ៍មកសមត្ថកិច្ចនគរបាលខណ្ឌដង្កោ ដើម្បីជួយអន្តរាគមន៍ រួចសមត្ថកិច្ចនគរបាលខណ្ឌដង្កោយើងក៏បានទៅសហការជាមួយសមត្ថកិច្ចនគរបាលស្រុកជើងព្រៃ នាំខ្លួនជនសង្ស័យខាងលើ យកមកធ្វើការសាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌដង្កោតាមនីតិវិធីច្បាប់ ។ ហើយជនរងគ្រោះក៏បានដាក់ពាក្យបណ្តឹងចំឈ្មោះជនសង្ស័យ ដើម្បីឱ្យសមត្ថកិច្ចចាត់ការតាមផ្លូវច្បាប់តែម្តង ៕

 

មតិយោបល់