ព័ត៌មានជាតិ

ស្ត្រី ២នាក់ ត្រូវរថយន្តបែនបើកលឿនបុក និងកិនម៉ូតូពីក្រោយ បណ្ដាលឲ្យស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ

កណ្ដាលៈ ថ្ងៃអាទិត្យ១២កើត ខែជេស្ធ ឆ្នាំឆ្លូវ ត្រីស័ក ព-ស ២៥៦៥ ត្រូវនឹងថ្ងៃទី២៣ ខែឧសភា ឆ្នាំ ២០២១ វេលាម៉ោង ៨និង៣០នាទីព្រឹក មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តធំ និងម៉ូតូ នៅលើផ្លូវជាតិលេខ០៨ ចំណុចរង្វង់មូលគល់ស្ពានព្រែកតាមាក់ ស្ថិតនៅភូមិព្រែកតាមាក់ ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល ។

រថយន្ត បង្កម៉ាក (HYUNDAI) ពណ៌ស ជាប្រភេទរថយន្តបែនពាក់ផ្លាកលេខ ភ្នំពេញ 3D.3003 បើកបរដោយឈ្មោះ ប៊ូ សុគន្ធ ភេទប្រុស អាយុ ៣២ ឆ្នាំ នៅភូមិគគរ ឃុំគគរ ស្រុកកំពង់សៀម ខេត្តកំពង់ចាម ។ បើកបរក្នុងទិសដៅពី ពីត្បូងទៅជើង លុះពេលបើកបរមកដល់ចំណុចកើតហេតុខាងលើ រថយន្តនេះបានបុកពីក្រោយម៉ូតូមួយគ្រឿងម៉ាក ហុងដា សេ125 ពណ៌ខ្មៅ ផ្លាកលេខ ភ្នំពេញ 1CB.4544 អ្នកបើកបរឈ្មោះ សំ មុំ ភេទស្រី អាយុ ៤៧ឆ្នាំ នៅភូមិអញ្ជែងលើ ឃុំពុកឫស្សី ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល ស្លាប់នៅកន្លែងកើតហេតុ រួមដំណើរម្នាក់ឈ្មោះ ភី ធូ ភេទស្រី អាយុ ៥២ឆ្នាំ នៅភូមិឃុំជាមួយគ្នាបានស្លាប់នៅកន្លែងកើតហេតុ បើកបរក្នុងទិសដៅពីត្បូងទៅជើងស្របគ្នា បន្ទាប់ពីបុកម៉ូតូរួចបានពារម៉ូតូបណ្តាលអោយដួលម៉ូតូហើយកិនពីលើម៉ូតូព្រមទាំងកិនពីលើជនរងគ្រោះអ្នកបើកបរម៉ូតូនិងអ្នករួមដំណើរជាមួយបណ្តាលឲ្យស្លាប់ទាំងពីរនៅកន្លែងកើតហេតុ ។ បន្ទាប់មកអ្នកបើកបររថយន្ត បានបើករថយន្ដចូលមកកន្លែងអធិការដ្ឋាន នគរបាលស្រុកខ្សាច់កណ្ដាលដោយខ្លួនឯងតែម្ដងដើម្បីឱ្យសមត្ថកិច្ចឃាត់ខ្លួន ៕
ក្រោយពេលកើតហេតុរួចកម្លាំងជំនាញចរាចរណ៍ស្រុក បានសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកតាមាក់ ចុះទៅដល់កន្លែងកើតហេតុ និងបានវាស់វែងដកហូតសម្ភារៈទាំងពីរយកមករក្សាទុកនៅអធិការរដ្ឋានស្រុកខ្សាច់កណ្ដាល ចំណែកសពជនរងគ្រោះត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុប្រគល់ទៅឲ្យក្រុមគ្រួសារសពយកទៅធ្វើបុណ្យតាមប្រពៃណី។ រីឯអ្នកបើកបររថយន្តខាងលើ ត្រូវសមត្ថកិច្ចឃាត់ខ្លួននិងហៅមកសួរនាំនៅអធិការដ្ឋានស្រុកខ្សាច់កណ្តាល ដើម្បីកសាងសំណុំរឿងតាមនីតិវិធី ៕

ខូចខាតសម្ភារៈ០២គ្រឿង ម៉ូតូមួយគ្រឿងខូចស្រាល និងរថយន្តមួយគ្រឿងខូចស្រាល។
សេចក្តីសន្និដ្ឋាន :អ្នកបើកបររថយន្តខាងលើបើកបរក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្ន។

ករណីនេះឃាត់ខ្លួនអ្នកបើកបររថយន្តបង្ក ម៉ោង០៩និង៣០ព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២១ ៕

មតិយោបល់