បន្ទាយមានជ័យៈ យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា នៅវេលាម៉ោង០៩ព្រឹក ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១ បុរសវ័យចំណាស់៦០ឆ្នាំម្នាក់ ត្រូវបានគេប្រទះឃើញដេកផ្កាប់មុខ ស្លាប់ដោយឆក់ខ្សែលួសស្រាត ដាក់ម៉ូទ័រឆក់សត្វកណ្តុរ នៅវាលស្រែរបស់ខ្លួន ចំណុចទំនាបតាផ្លតចម្ងាយ១៥០០ម៉ែត្រ ខាងលិចភូមិថ្មដប់ ឃុំសំបួរ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ។
ប្រភពព័ត៌មានពីនគរបាលរដ្ឋបាលឃុំសំបួរ បានឲ្យដឹងថា ជនរងគ្រោះឈ្មោះ នូ រី ភេទប្រុស អាយុ៦០ឆ្នាំ នៅភូមិស្រះឈូក ឃុំសំបួរ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ។ ជនរងគ្រោះត្រូវបានអ្នកភូមិជាមួយម្នាក់ឈ្មោះ លុន បូរ ភេទប្រុស អាយុ៦០ឆ្នាំ បានទៅមើលស្រែនៅក្បែរគ្នា ប្រទះឃើញសពដេកស្លាប់ផ្កាប់មុខ នៅមុខខ្ទមចាំស្រែរបស់គាត់ ដែលនៅចំងាយ៥០ម៉ែត្រ នៅវាលស្រែ ។
ប្រភពដដែលបានបញ្ជាក់ថា ក្រោយពីទទួលបានព័ត៌មាន បានបង្កើតគណៈកម្មការ រួមមានលោកនាយផ្នែកពិនិត្យវិភាគ កន្លែងកើតហេតុ លោកនាយផ្នែកនគរបាលយុត្តិធម៌ លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំសំបួរ លោកប្រធានមណ្ឌលសុខភាពឃុំ ក្រុមប្រឹក្សាឃុំសំបួរ លោកមេភូមិស្រះឈូក និងក្រុមគ្រួសារជនរងគ្រោះបានធ្វើការពិនិត្យសាកសព ទទួលបានលទ្ធផលដូចខាងក្រោម សាកសពមានស្នាមរលាកដាច់នៅទ្រូង ផ្នែកខាងស្តាំមួយកន្លែង នៅកែងដៃស្តាំមួយកន្លែង បណ្តាលអោយស្លាប់ ដោយពុំមានស្លាកស្នាមអ្វី ពាក់ព័ន្ធនិងអំពើឃាតកម្មឡើយ ។
តាមការសន្និដ្ឋានរបស់គ្រូពេទ្យ ក៏ដូចជានគរបាលមូលដ្ឋានថា ជនរងគ្រោះអាចស្លាប់នៅវេលាម៉ោង០៤ទៅម៉ោង០៥ទៀបភ្លឺ នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១ ខណៈពេលដែលដើរទៅដោះដង្កៀប ចាប់ប៉ះខ្សែលួសស្រាត ដាក់ម៉ូទ័រឆក់កណ្តុរ បណ្តាលឲ្យឆក់គាត់ស្លាប់តែម្តង ស្របពេលនៅព្រឹកនោះ មេឃធ្លាក់ភ្លៀងរលឹមផង ៕
មតិយោបល់