ភ្នំពេញៈ ករណីគ្រោះថ្នាក់ចរាចរណ៍ រថយន្តតាក់ស៊ីម៉ាកសាំយ៉ុង មួយគ្រឿង បើកបរក្នុងល្បឿនលឿន ក៏ជ្រុលទៅបុកម៉ូតូមួយគ្រឿង ជិះគ្នា២នាក់ បណ្តាលឱ្យរងរបួសធ្ងន់ស្រាល ត្រូវសមត្ថកិច្ចហៅរថយន្តសង្គ្រោះបន្ទាន់ ដឹកយកទៅមន្ទីរពេទ្យ ខណៈម្ចាស់រថយន្តភ័យពេករត់គេចខ្លួនបាត់ ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង២និង២០នាទីរសៀលថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១ ដែលស្ថិតនៅចំណុចមុខ្លោងទ្វារចូលបុរីវិមានភ្នំពេញ តាមបណ្តោយផ្លូវជាតិលេខ៦អា សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានប្រាប់អោយដឹងថា មុនពេលកើតហេតុ គេបានឃើញម៉ូតូ មួយគ្រឿងម៉ាកស្មាសរ៉េវ៉ូ ពណ៌ខ្មៅ ពាក់ស្លាកលេភ្នំពេញ1AQ-3503 ជិះចេញពីបុរីហាយទិច តាមបណ្តាយផ្លូវជាតិលេខ៦អា ក្នុងទិសដៅពីជើងទៅត្បូង ខណៈពេលមកដល់ចំណុចកើតហេតុ ម៉ូតូខាងលើ ក៏បានជិះវ៉ារថយន្ត មួយគ្រឿង ពណ៌ស្លែ ពាក់ស្លាកលេខភ្នំពេញ2AQ-3597 ពេលនោះស្រាប់តែរថយន្តតាក់ស៊ីម៉ាក សាំយ៉ុងមួយគ្រឿង ដែលជិះស្របទិសគ្នានោះ បានបុកពីក្រោយយ៉ាងពេញទំហឹង បណ្តាលអោយភាគីខាងម៉ូតូ រងរបួសធ្ងន់ស្រាល២នាក់ ហើយរថយន្តបានបើកទៅមុខប្រហែលជា៥ម៉ែត្រ ក៏ម្ចាស់រថយន្ត ឈប់អែបចិញ្ចើមផ្លូវរត់គេចខ្លួនបាត់ស្រមោល ។
បន្ទាប់ពីកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ទីតាំងខាងលើ ដើម្បីធ្វើការវាស់វែង យករថយន្តបង្កហេតុ និងម៉ូតូ យកទៅរក្សាទុក នៅអធិការនគរបាលខណ្ឌជ្រោយចង្វារ ដើម្បីរង់ចាំដោះស្រាយជាក្រោយ ៕
មតិយោបល់