ផ្ទះ ព័ត៌មានជាតិ ស្ត្រីម្នាក់ប...

ស្ត្រីម្នាក់បើករថយន្ត ខ្វះការប្រុងប្រយ័ត្ន ជ្រុលទៅបុករះរថយន្តពីរគ្រឿង នឹងម៉ូតូមួយគ្រឿង រងការខូចខាតយ៉ាងដំណំ

0

ភ្នំពេញ: ស្រ្តីម្នាក់បើករថយន្តខ្វះការប្រុងប្រយ័ត្ន ជ្រុលទៅបុករះរថយន្តពីរគ្រឿង រួចបន្តទៅបុកម៉ូតូមួយគ្រឿងទៀត ដែលចតទុកនៅមុខផ្ទះ បណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ តែសំណាងល្អ មិនមានអ្នករងរបួសនោះទេ ។

ហេតុការគ្រោះថ្នាក់ចរាចរណ៍នេះ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១០ និង៥០នាទី ព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២១ ដែលស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៥ ក្នុងភូមិលូ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មានពីរកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញរថយន្តឈ្នួល ម៉ាកស៊ីណាមួយគ្រឿង ពណ៌សពាក់ផ្លាកលេខភ្នំពេញ2Y-4455 ដែលធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ៥ ក្នុងទិសដៅពីត្បូងទៅជើង បើកស៊ីញ៉ូអែបកៀនយកម៉ូយ ត្រូវបានរថយន្តម៉ាកឡិចស៊ីសRX300 ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ2AY-0102 បើកបរដោយស្រ្តីម្នាក់ ដែលធ្វើដំណើរស្របទិសគ្នា មកពីក្រោយជ្រុលទៅបុកនឹងរថយន្តស៊ីណា បន្តទៅបុកម៉ូតូស្កុបពីរមួយគ្រឿង ដែលចតទុកនៅមុខផ្ទះ ហើយរុញបន្តទៅបុកខ្ទប់ នឹងរថយន្តសាំងយ៉ុងមួយគ្រឿងទៀត បណ្តាលឲ្យរងការខូចខាតម៉ូតូរួញចូលគ្នា រងការខូចខាតធ្ងន់ធ្ងរ មួយកំណាត់មុខ និងរថយន្តស៊ីណាធ្លាក់កាងក្រោយ និងបែកកាងខាងមុខយ៉ាងដំណំ ចំណែករថយន្តសាំយ៉ុងរងខូចខាតតិចទួច សុំតែរួចខ្លួនដោយមិនទាមទារសំណងនោះទេ ក្នុងហេតុការនេះមិនបណ្តាលឲ្យមានអ្នករងរបួសនោះឡើយ ។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាន និងសមត្ថកិច្ចជំនាញខណ្ឌបានមកដល់ ឲ្យភាគីទាំងសងខាងធ្វើការសម្របសម្រួលគ្នា ដោយខាងរថយន្តបង្កលុចស៊ីស យល់ព្រមសងថ្លៃការខូចខាត ទៅម្ចាស់ម៉ូតូចំនួន350$ នឹងសងរថយន្តស៊ីណាចំនួន10ដុល្លារ បញ្ចប់រឿងនៅកន្លែងកើតហេតុ ៕

មតិយោបល់