ព័ត៌មានជាតិ

ភ្ញៀវទេសចរអន្តរជាតិចិន ចូលមកកម្ពុជា កើនឡើងជាង១៣ភាគរយ ខណៈភ្ញៀវទេសចរ វៀតណាមថយ ចុះ៤,៥ភាគរយ

ភ្នំពេញ: ក្រសួងទេសចរណ៍ បានបង្ហាញក្នុងរបាយការណ៍ ដាក់ជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាថា រយ:ពេល៦ខែដើម ឆ្នាំ២០១៦នេះ ភ្ញៀវអន្តរជាតិ ដែលចូលមកកម្ពុជា មានចំនួន ២.៣៦០.៩៣២នាក់ កើនឡើង ប្រមាណ២,៦ភាគរយប្រៀបធៀប រយ:ពេលដូចគ្នានិងឆ្នាំ២០១៥ ។

របាយការណ៍ ដដែលបង្ហាញថា ភ្ញៀវទេសចរណ៍ វៀតណាម បើទោះជាឈរ នៅក្នុងលំដាប់ថ្នាក់ លេខ១ ក៏ដោយតែចំនួនភ្ញៀវមានការថយចុះ ប្រមាណ៤,៥ភាគរយ ប្រៀបធៀបរយ:ពេលដូចគ្នា និងឆ្នាំមុន ។ មន្រ្តីក្រសួងទេសចរណ៍ បានអះអាងថា “ការថយចុះភ្ញៀវទេសចរណ៍ អន្តរជាតិវៀតណាមនេះ គឺអាចបណ្តាលមកពី តម្លៃសេវាធ្វើដំណើរ និងស្នាក់នៅរួមទាំងការហូបចុក ជាកញ្ចប់ដែលរៀបចំ ដោយក្រុមហ៊ុន ទេសចរណ៍ មានតម្លៃកើនឡើង”។

យ៉ាងណាក៏ដោយរបាយការណ៍នោះ បានបញ្ជាក់ថា រយ:ពេល៦ខែដើមឆ្នាំ ២០១៦នេះភ្ញៀវទេសចរណ៍ចិន កូរ៉េ ថៃ អាមេរិក ជប៉ុន អង់គ្លេស បារាំង អូស្ត្រាលី សុទ្ធតែមានការកើនឡើង ក្នុងនោះភ្ញៀវទេសចរណ៍ ចិន បានកើនឡើងរហូតដល់ ជាង១៣ភាគរយឯណោះ បើធៀបទៅ និងរយ:ដូចគ្នានៃឆ្នាំមុន ។

ដោឡែកសម្រាប់ ខែមិថុនា ឆ្នាំ២០១៦កន្លងទៅនេះ ភ្ញៀវទេសចរណ៍អន្តរជាតិ ដែលចូលមកទស្សនាកម្ពុជា មានចំនួន៣៣០.១៧០នាក់ កើនឡើង ប្រមាណ៣,៧ភាគរយ បើប្រៀបធៀប និងខែមិថុនា ឆ្នាំ២០១៥។ ហើយភ្ញៀវទេសចរណ៍ អន្តរជាតិ ដែលចូលតាមច្រកអាកាស មានចំនួនកើនឡើង គួរឲ្យកត់សម្គាល់ ខណ:ដែលភ្ញៀវអន្តរជាតិ ចូលតាមផ្លូវគោក និងផ្លូវទឹកមានការថយចុះ ។

ជាក់ស្តែងភ្ញៀវអន្តរជាតិ ចូលតាមអាកាស មានចំនួន១៧០.៨៨៦នាក់ ស្មើនឹង៥១,៨ភាគរយ នៃចំនួនសរុបកើនឡើង ប្រមាណ១០,៣ភាគរយ ខណ:តាមផ្លូវគោក មានចំនួន១៥៤.២៦០នាក់ ស្មើនឹង៤៦,៧ភាគរយ នៃចំនួន សរុបថយចុះ០,៥ភាគរយ និងតាមផ្លូវទឹក មានចំនួន៥.០២៤នាក់ ស្មើនឹង១,៥ភាគរយនៃចំនួនសរុប ថយចុះ៣៩,៣ភាគរយ។

គួរបញ្ជាក់ថា រយ:ពេល៦ខែដើមឆ្នាំ២០១៦ ភ្ញៀវទេសចរណ៍អន្តរជាតិ ដែលចូលមកទស្សនាកម្ពុជា នៅតែបង្ហាញនូវ កំណើន គួរឲ្យកត់សម្គាល់ សំខាន់ភ្ញៀវមកពី តំបន់អាស៊ីប៉ាស៊ីហ្វិក តំបន់អឺរ៉ុប និងតំបន់អាមេរិក ។ ចំណែកទេសចរណ៍កម្ពុជា ដែលចេញទៅក្រៅប្រទេស មានចំនួន ៦៩៩.៦៥៤នាក់ កើនឡើង ប្រមាណ២៦,៥ភាគរយ ធៀបរយ:ពេល ដូចគ្នានិងឆ្នាំ២០១៥៕

photo_2016-08-15_11-05-44 photo_2016-08-15_11-05-53 photo_2016-08-15_11-05-57

មតិយោបល់