ជនសង្ស័យប្រុសស្រីពីរនាក់ត្រូវបានកម្លាំងនគរបាលស្រាវជ្រាវឃាត់ខ្លួន និងកសាងសំណុំរឿងចាត់ការតាមផ្លូវច្បាប់ បន្ទាប់ពីរួមគំនិតគ្នាដាក់ថ្នាំស្មៅក្នុងកែវស្រាជនរងគ្រោះ ហើយយកទៅវាយសម្លាប់កណ្ដាលព្រៃកាលពីថ្ងៃទី២០ ខែមករា កន្លងទៅ។
ការឃាត់ខ្លួននេះ បានធ្វើឡើងកាលពីថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២២ ចំណុចភូមិអូរកន្ធៀងវ៉ា ឃុំស្ទឹងត្រង់ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យទាំងពីរនាក់មានឈ្មោះ ឈឹម ឈន ភេទស្រី អាយុ៤២ឆ្នាំ (ជាប្រពន្ធជនរងគ្រោះ) និងទី២ឈ្មោះ ខៀវ បញ្ញា (ហៅក្អាត់) ភេទប្រុសអាយុ៣១ឆ្នាំ(ជាប្រុសកំណាន់)។
យោងតាមសមត្ថកិច្ចបានបញ្ជាក់ថា កាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០២២ ជនសង្ស័យជាប្រុសកំណាន់របស់ប្រពន្ធជនរងគ្រោះ បានបបួលជនរងគ្រោះផឹកស្រា ស រហូតដល់ជនរងគ្រោះស្រវឹង ហើយបានលួចដាក់ថ្នាំបាញ់ស្មៅចូលក្នុងកែវស្រាជនរងគ្រោះ ធ្វើឲ្យជនរងគ្រោះសន្លប់បាត់បង់ស្មារតី ក៏លីជនរងគ្រោះទៅក្នុងចម្ការដំឡូង រួចយកដំបងវាយថែមធ្វើឲ្យជនរងគ្រោះស្លាប់បាត់បង់ ជីវិតតែម្ដង ។
រហូតដល់ថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២២ នេះ ទើបកម្លាំងសមត្ថកិច្ចស្រាវជ្រាវបំបែកសំណុំរឿងឃាតកម្មនេះ ឈានដល់ការឃាត់ខ្លួនជនសង្ស័យទាំងពីរនាក់ ដើម្បីកសាងសំណុំរឿងចាត់ការបន្តតាមនីតិវិធីច្បាប់៕
មតិយោបល់