ភ្នំពេញៈ បុរសម្នាក់បើកម៉ូតូបំពានភ្លើងស្តុបជ្រុលទៅបុកជាមួយ នឹងរថយន្តស៊េរីទំនើប ដែលកំពុងបើកឆ្លងកាត់ពេញទំហឹងរងការខូចខាតយ៉ាងដំណំ តែសំណាងល្អម្ចាស់ម៉ូតូបានរងរបួសស្រាល ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង ០៩និង២០នាទីយប់ ថ្ងែទី២៩ ខែឧសភា ឆ្នាំ២០២១ តាមបណ្ដោយផ្លូវលេខ២៧៩ ត្រង់ចំណុចស្តុបរតនៈស្រីម៉ៅ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
ប្រភពព័ត៌មានពីសន្តិសុខម្នាក់ ដែលយាមនៅទីតាំងនោះបានបញ្ជាក់ប្រាប់ឲ្យដឹងថា នៅមុនពេលហេតុការណ៍នេះបានកើតឡើង គេបានឃើញបុរសម្នាក់បើករថយន្តម៉ាក ស៊ីដេស ពណ៌ខ្មៅស៊េរីទំនើបមួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 2BK-0303 បើកបរឆ្លងកាត់ស្តុបដោយសារតែសញ្ញាភ្លើងខៀវ ទើបរូបគាត់បន្តធ្វើដំណើរឆ្លងកាត់ មិនទាន់នឹងផុតផង ក៏ស្រាប់តែមានបុរសម្នាក់ជិះម៉ូតូម៉ាក ស្កុបពី ពណ៌សមួយគ្រឿង ពាក់ស្លាកលេខ 1FZ-1194 បើកបរក្នុងល្បឿនលឿន ខណៈពេលមកដល់ត្រង់ចំណុចភ្លើងស្តុបឱ្យសញ្ញាពណ៌ក្រហម ហើយបែរជារូបគាត់មិនព្រមឈប់ បើកបំពានក៏បានជ្រុលទៅបុករថយន្តស៊េរីទំនើបពេញទំហឹង បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ តែសំណាងល្អអ្នកបើកបរម៉ូតូបានរងរបួសស្រាល។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន ក៏បានចុះទៅដល់ទីតាំង ធ្វើការវាស់វែងយករថយន្ត និងម៉ូតូមកដាក់ អែបខាងដើម្បីឱ្យភាគីទាំងពីរធ្វើការសម្របសម្រួលគ្នា
ករណីនេះម្ចាស់រថយន្តស៊េរីទំនើប ដែលជាមនុស្សចិត្តធម៌ផងនោះ សុខចិត្តយករថយន្តដែលបានរងការខូចខាត ទៅជួសជុលដោយខ្លួនឯង ហើយក៏បានយកលុយរបស់ខ្លួនចំនួន 50$ បន្ថែមទៀតទៅឲ្យភាគីខាងម៉ូតូ ដើម្បីបញ្ចប់រឿងនៅនឹងកន្លែងកើតហេតុ៕
មតិយោបល់