ព័ត៌មានជាតិ

រថយន្តហាយឡែនឌ័រ ផ្លាកលេខភ្នំពេញ 2AL-1510 ពន្លះក្បាលនាគពុះចែកទ្រូងផ្លូវពេញទំហឹង បណ្ដាលឲ្យបាក់អស់១កង់

ភ្នំពេញ: បុរសម្នាក់បើករថយន្តម៉ាកហាយឡែនឌ័រ ចេញពីស្តុបអូរឫស្សីយ៉ាងលឿន ខណ:មិនបាន៥០ម៉ែត្រផង ក៏ជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹង រងការខូចខាតយ៉ាងដំណំ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១០ និង២០នាទីយប់ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២១ នៅក្បែរស្ទុបអូរឫស្សី តាមបណ្ដោយផ្លូវ១៦១ ក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ ។

យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនកើតហេតុគេឃើញរថយន្តបង្កម៉ាក ហាយឡែនឌ័រ ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ 2AL-1510 បើកបរដោយបុរសម្នាក់ធ្វើដំណើរតាមបណ្ដោយផ្លូវ១៦១ ទិសដៅពីជើងមកត្បូង ចេញពីស្តុបអូរឫស្សី ក្នុងល្បឿនលឿន ខណ:មិនបាន៥០ម៉ែត្រផង ក៏ជ្រុលទៅបុករបាំងថ្ម ក្បាលនាគពុះចែកទ្រូងផ្លូវ យ៉ាងពេញទំហឹង បណ្ដាលឲ្យរបាំងថ្មបាក់ចេញពីគ្នាអស់១កង់ រីឯរថយន្តបង្កបានដាច់កាឡេកង់មុខផ្នែកខាងឆ្វេង ទៅមុខលែងរួច តែក្នុងហេតុការណ៍នេះ មិនបណ្ដាលឲ្យមនុស្សណាម្នាក់ រងរបួសនោះទេ ។

ក្រោយកើតហេតុ ម្ចាស់រថយន្តបង្កបានគេចខ្លួនបាត់ ដោយសមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់រួចទាក់ទង ទៅសមត្ថកិច្ចជំនាញ ផ្នែកចរាចរណ៍មកធ្វើការវាស់វែង ស្ទូចរថយន្តបង្កទៅរក្សាទុក នៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីឲ្យម្ចាស់ចូលខ្លួនទៅដោះស្រាយតាមច្បាប់ ៕

មតិយោបល់