ព័ត៌មានជាតិ

ដោយសារតែភ្លើងប្រច័ណ្ឌបណ្តាលឲ្យបុរសម្នាក់កាប់សម្លាប់ប្រពន្ធដោយគ្មានញញើតដៃ

ពោធិ៍សាត់ៈ យោងតាមផេករបស់ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា ភ្លើងប្រច័ណ្ឌបណ្តាលឲ្យបុរសម្នាក់ក្លាយជាឃាតករកាប់សម្លាប់ប្រពន្ធ ដោយគ្មានញញើតច្បាប់ កាលពីថ្ងៃទី៣០ខែឧសភា ឆ្នាំ២០២១នៅវេលាម៉ោងប្រហែល១១និង០០នាទីយប់ នៅចំណុចក្នុងបន្ទប់ផ្ទះដែលកំពុងសាងសង់ជិតរួច ជាកម្មសិទ្ធរបស់ឈ្មោះ ស៊ុម ចាន់ធួក ភេទស្រី អាយុ៣៦ឆ្នាំ ត្រូវជាបងស្រីបង្កើតរបស់ជនរងគ្រោះ ស្ថិតនៅក្នុងភូមិស្ថានីយ៍ សង្កាត់ស្វាយអាត់ ក្រុងពោធិ៍សាត់ បណ្តាលឲ្យស្រ្តីជាជនរងគ្រោះស្លាប់នៅនឹងកន្លែងក្នុងថ្លុកឈាមគួរឲ្យអាណោចអាធមយ៉ាងក្រៃលែង។

តាមការរៀបរាប់របស់ឈ្មោះ ស៊ុម ចាន់ធួក ភេទស្រី អាយុ៣៦ឆ្នាំ ត្រូវជាបងស្រីបង្កើតរបស់ជនរងគ្រោះឈ្មោះស៊ុម ចាន់នីអាយុ៣០ មានមុខរបរជាអ្នកលក់មីហឹរ នៅផ្សារភួពុយ បានឲ្យដឹងថា រយ:ពេលកន្លងមកអ្នកទាំងពីរបានធ្វើពិធីភ្ជាប់ពាក្យមានចាស់ទុំដឹងលឺតាំងពីឆ្នាំ២០១៨មកម្លេះ មិនទាន់បានរៀបការទេក៏ចេះតែរស់នៅជាមួយគ្នារហូតមក ប៉ុន្តែប្តីរបស់ជនរងគ្រោះតែងតែប្រច័ណ្ឌប្រពន្ធ រករឿងប្រពន្ធថាមានប្រុសថ្មី ។

លុះដល់យប់ ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២១ប្រហែលជាម៉ោង១១និង០០នាទី ជនដៃដល់ដែលជាឃាតករមានឈ្មោះ ឡូញ សុធារ៉ាភេទប្រុស អាយុ៣៨ឆ្នាំ មានមុខរបរជាអ្នកបើកឡានដឹកទំនិញ រស់នៅភូមិដូងជ្រុំ សង្កាត់ព្រៃញី ក្រុងពោធិ៍សាត់ បានយកពូថៅកាប់សម្លាប់ប្រពន្ធជាច្រើនពូថៅបណ្តាលឲ្យប្រពន្ធខ្លួនស្លាប់នៅនឹងកន្លែងដោយគ្មាននណាបានដឹងឡើយ រហូតដល់ព្រឹកថ្ងៃទី៣១ខែឧសភាឆ្នាំ២០២១វេលាម៉ោង៩និង២៩នាទីទើបបានដឹងថាប្អូនស្រីរបស់គាត់បានស្លាប់ទៅហើយ។

ប្រភពដដែលបានបន្តទៀតថា បុរសជាឃាតករមានប្រពន្ធពីរ៖ ប្រពន្ធទី១រស់នៅភូមិដូងជ្រុំ សង្កាត់ព្រៃញី ក្រុងពោធិ៍សាត់ ប្រពន្ធទី២(ស្រ្តីរងគ្រោះខាងលើ)ត្រូវជាប្អូនបង្កើតរបស់ខ្លួន។

ហើយកន្លងមកជននេះតែងតែចេញចូលទៅមក ម្តងទៅផ្ទះប្រពន្ធទី១ ម្តងមកផ្ទះប្រពន្ធទី២ តែងតែរករឿងដោយសារភ្លើងប្រច័ណ្ឌ។

ដោយមានការចង្អុលការពីលោកឧត្តមសេនីយ៍ទោ ស ថេង ស្នងការនគរបាលខេត្តពោធិ៍សាត់ លោកឧត្តមសេនីយ៍ត្រី ម៉ូ លីដាស្នងការរងផែនការងារព្រហ្មទណ្ឌបានដឹកនាំមន្ត្រីនគរបាលជំនាញព្រហ្មទណ្ឌចុះពិនិត្យនៅកន្លែងកើតហេតុ បានឲ្យដឹងថា ក្រោយពីសមត្ថកិច្ចនគរបាលជំនាញនិងមន្ត្រីពេទ្យបច្ចេកទេសខេត្តបានពិនិត្យធ្វើកោសល្យវិច្ច័យទៅលើសាកសព ហើយបានសន្និដ្ឋានថាជនរងគ្រោះស្លាប់នៅអំឡុងម៉ោង១១និង០០នាទីយបថ្ងៃទី៣០ខែឧសភាឆ្នាំ២០២១ ហើយឃាតកម្មនេះអាចបណ្តាលមកពីភ្លើងប្រច័ណ្ឌ។

បច្ចុប្បន្ននេះសមត្ថកិច្ចកំពុងស្រាវជ្រាវស្វែងរកចាប់ខ្លួនជនដៃដល់យកមកផ្តន្ទាទោសតាមផ្លូវច្បាប់៕

 

មតិយោបល់