ព្រះវិហារៈ យោងតាមផេករបស់អគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា មនុស្សប្រុស ស្រី ចំនួន២នាក់ ត្រូវបានកម្លាំងនគរបាលខេត្តព្រះវិហារឃាត់ខ្លួនពាក់ព័ន្ធករណីនាំកូនស្រីគេចេញពីផ្ទះ នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២១។
ការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន បានឲ្យដឹងថាកាលពីថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២១ សមត្ថកិច្ចយើងបានទទួលបណ្តឹងពីឈ្មោះ ស៊ឹម យ៉ា ភេទស្រី អាយុ៣៧ឆ្នាំ មុខរបរ កសិករ និងឈ្មោះ គុជ សុផល ភេទស្រី អាយុ៥៣ឆ្នាំ មុខរបរ កសិករ ជនជាតិខ្មែរ រស់នៅភូមិពោធិ៍ទាប ឃុំម្លូព្រៃមួយ ស្រុកឆែប ខេត្តព្រះវិហារ បានប្តឹងទៅលើឈ្មោះ សុខ សាយ ភេទប្រុស អាយុ ២២ឆ្នាំ មុខរបរជាងឈើ ជនជាតិខ្មែរ បាននាំកូនស្រីរបស់ពួកគាត់ចេញពីផ្ទះកាលពីថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២១។
ប្រភពដដែលបន្តថា ក្រោយពីទទួលបានបណ្តឹងហើយសមត្ថកិច្ចយើងឃាត់ខ្លួនជនសង្ស័យបានចំនួន ០២នាក់ទី១-ឈ្មោះ សុខ សាយ ភេទប្រុស អាយុ២២ឆ្នាំ មុខរបរ ជាងឈើ ទី២-ឈ្មោះ សុខ ស្រីពៅ ភេទស្រី អាយុ២៨ឆ្នាំ មុខរបរបម្រើសេវាស្រាបៀ ស្នាក់នៅបន្ទប់ជួល ស្ថិតនៅភូមិកណ្តាល សង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ ខេត្តព្រះវិហារ។ បច្ចុប្បន្នជនសង្ស័យទាំង២នាក់ ត្រូវបានកម្លាំងជំនាញកសាងសំណុំរឿងបញ្ជូនទៅអយ្យការសាលាដំបូងខេត្តចាត់ការបន្ត ៕
មតិយោបល់