បាត់ដំបងៈ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង ១៦និង០០នាទី អនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការនគរបាលខេត្តបាត់ដំបង រួមទាំងយោបល់របស់លោកវរសេនីយ៍ឯក លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទ័ណ្ឌ លោកវរសេនីយ៍ឯក ឈឿង គឹមស៊ុង នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល សហការជាមួយក្រុមអន្តរាគមន៍បង្ការបង្ក្រាប បានធ្វើការបង្ក្រាបករណីហិង្សានិងធ្វើឲ្យខូចខាតដោយចេតនាមានស្ថានទម្ងន់ទោស (កាប់ដោយពូថៅ) ទៅលើជនរងគ្រោះម្នាក់ កាលពីថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង១៤និង២៣នាទី នៅចំណុចភូមិតាកុក ឃុំនរា ស្រុកសង្កែ ខេត្តបាត់ដំបង ។
មន្ត្រីនគរបាលបានឲ្យដឹងថា ជនសង្ស័យឈ្មោះ ស៊ុ ចិន្តាវ័ន្ត ហៅ រ៉ាត់ ភេទប្រុស អាយុ ៣៧ឆ្នាំ មានទីលំនៅភូមិព្រែកតាច្រែង ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ ខេត្តបាត់ដំបង ។ ចំណែកឯជនរងគ្រោះឈ្មោះ រី វីរៈ ភេទប្រុស អាយុ ៣៧ឆ្នាំ មានទីលំនៅភូមិតាកុក ឃុំនរា ស្រុកសង្កែ ខេត្តបាត់ដំបង (របួសរយះក្បាល) ។
រីឯវត្ថុតាងរួមមាន៖ ម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ផ្លាកលេខ បាត់ដំបង 1AH-5116 និងពូថៅដងឈើ ចំនួន០១ដើម ។
បច្ចុប្បន្នករណីនេះ កម្លាំងសមត្ថកិច្ចជំនាញកំពុងរៀបចំកសាងសំណុំរឿង បញ្ជូនជនសង្ស័យទៅសាលាដំបូងខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី ៕
មតិយោបល់