ភ្នំពេញៈ នៅវេលាម៉ោង៨និង១០នាទីយប់ថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២១ មានករណីយុវជនម្នាក់ ជិះម៉ូតូឌុបនារីជាសង្សារបោះពួយយ៉ាងលឿន គេចពីជនសង្ស័យ២នាក់ ដែលជិះកាន់កាំបិតដេញតាមកាប់ពីក្រោយ បណ្តាលឲ្យបុកទ្វារដែកមួយផ្ទាំងដួលស្លាប់យ៉ាងអាណោចអាធ័ម រួចក្រុមជនសង្ស័យចុះលើកនារីជាសង្សារ ដាក់លើម៉ូតូជិះគេចខ្លួនបាត់ស្រមោល បន្សល់ទុកកាំបិតប៉័ងតោមួយ និងជនរងគ្រោះនៅកន្លែងកើតហេតុ ស្ថិតតាមបណ្តោយផ្លូវជាតិលេខ២ ក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
សពជនរងគ្រោះឈ្មោះ គិន សុខឿន ភេទប្រុស អាយុ២១ឆ្នាំ មុខរបរជាងធ្វើមាស ស្នាក់នៅភូមិសាមគ្គី សង្កាត់ឫស្សីកែវ ខណ្ឌរស្សីកែវ ។
ដំណើររឿងហេតុ៖ នៅមុនពេលកើតហេតុ ជនរងគ្រោះបានជិះម៉ូតូ១គ្រឿងម៉ាកស៊ុយស៊ីគីនិច ពណ៌ផ្កាឈូក លាយស ពាក់ផ្លាកលេខភ្នំពេញ 1GN-2249 និងឌុបនារីម្នាក់ជាសង្សារជិះតាមបណ្ដោយផ្លូវជាតិលេខ២ ទិសដៅពីត្បូងទៅជើងក្នុងល្បឿនលឿន គេចពីបុរស២នាក់ ជិះម៉ូតូ១គ្រឿង ប្រដាប់ដោយកាំបិតប៉័ងតោដេញតាមកាប់ពីក្រោយ លុះពេលដល់ត្រង់ចំណុចកើតហេតុ ជនរងគ្រោះក៏បានប្រតាយប្រតប់គ្នា ជាមួយបុរសទាំង២នាក់ ។ ជនរងគ្រោះបានរេចង្កូតម៉ូតូឡើងលើខឿន តាមចិញ្ចើមផ្លូវ ទៅបុកទ្វារដែកមួយផ្ទាំង បណ្តាលឲ្យដួលរងរបួសបែកក្បាលជាទម្ងន់ និងនារីជាសង្សារបានសន្លប់ ។
ភ្លាមៗនោះដែរបុរសទាំង២នាក់ ដែលបានជិះម៉ូតូដេញតាមជនរងគ្រោះនោះ ឈប់ម៉ូតូចុះលើកនារីដាក់លើម៉ូតូរបស់ពួកគេ ជិះគេចខ្លួនបាត់ស្រមោល ។ បន្ទាប់មកក៏ភ្ញាក់ផ្អើលដល់សមត្ថកិច្ចហៅរថយន្តសង្គ្រោះ ប៉ុន្តែជាអកុសល ជនរងគ្រោះបានដាច់ខ្យល់ស្លាប់បាត់ទៅហើយ សាច់ញាតិរបស់ជនរងគ្រោះ បានមកដល់កន្លែងកើតហេតុ ដោយមានការស្រែកទ្រហោយំ ធ្វើឲ្យឪពុកជនរងគ្រោះតក់ស្លុតរហូតដួលសន្លប់ស្មារតី ។
កន្លងមកជនរងគ្រោះខាងលើ ធ្លាប់មានទំនាក់ទំនងស្នេហា ជាមួយនឹងនារីជាសង្សារនោះ អស់រយៈពេលជាង៣ឆ្នាំមកហើយ ក្រោយមកក៏ឮថាបានបែកគ្នា ។ លុះនៅថ្ងៃកើតហេតុ ជនរងគ្រោះក៏បានជិះម៉ូតូចេញពីផ្ទះ ដោយគ្មានអ្នកណាម្នាក់ដឹងថា ទៅណានោះទេ រហូតដល់ក្រោយពេលកើតហេតុ ទើបមានគេប្រាប់ក្រុមគ្រួសារថា ជនរងគ្រោះបានស្លាប់បាត់ទៅហើយ ទើបដឹងថាជនរងគ្រោះមកជួបនារីជាសង្សារ ។ បន្ទាប់មកសមត្ថកិច្ចបានចុះធ្វើការពិនិត្យ សាកសពជនរងគ្រោះ ឃើញស្នាមរបួសមួយកន្លែង ដោយសារកាប់ និងកាំបិតប៉័ងតោ សមត្ថកិច្ចបណ្ដាលមកពីជម្លោះស្នេហាត្រីកោណ ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចបានយកវត្ថុតាងទៅរក្សាទុក នៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីស្វែងរកជនបង្កចាត់ការតាមនីតិវិធីផ្លូវច្បាប់ ។ ចំណែកសាកសពជនរងគ្រោះ ត្រូវបានប្រគល់ជូនសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី ៕
មតិយោបល់