ព័ត៌មានជាតិ

ជនសង្ស័យម្នាក់ក្នុងចំណោមបក្ខពួក២នាក់ ជាជនជាតិវៀតណាម ត្រូវសមត្ថកិច្ចឃាត់ខ្លួន ពាក់ព័ន្ធករណីជិះម៉ូតូដេញកាប់ ជនរងគ្រោះជិះបុកបង្គោលភ្លើងបោកក្បាលស្លាប់

ភ្នំពេញៈ ករណីឃាតកម្ម មានជនសង្ស័យចំនួន២នាក់ ជិះម៉ូតូ១គ្រឿងប្រើកាំបិតបុ័ងតោដេញកាប់ បណ្តាលឲ្យជនរងគ្រោះជិះម៉ូតូបុកបង្គោលភ្លើងបំភ្លឺផ្លូវ ប៉ះទង្គិចក្បាលនិងខ្លួនប្រាណធ្ងន់ធ្ងរ បណ្តាលឲ្យស្លាប់ កើតហេតុថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង១៩ម៉ោង៤០នាទី នៅត្រង់ចំណុចមុខការដ្ឋានបូមខ្សាច់ ផ្លូវជាតិលេខ២ ក្នុងភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

ជនសង្ស័យឈ្មោះ សុខ ហៃ ហៅ យ៉ាវ ភេទប្រុស អាយុ១៨ ឆ្នាំ ជនជាតិវៀតណាម ទីលំនៅផ្ទះជួល ផ្លូវលំ ភូមិអូរអណ្តូង សង្កាត់ ព្រែកប្រា ខណ្ឌ ច្បារអំពៅ រាជធានីភ្នំពេញ មុខរបរ ជាងធ្វើសោ ​​​(ឃាត់ខ្លួនគ្មានផ្ទុកសារធាតុញៀន) ។ ចំណែកជនរងគ្រោះឈ្មោះ គីម សុខខឿន ហៅ ទ្រឹង ភេទប្រុស អាយុ ២១ ឆ្នាំ ជនជាតិវៀតណាម ស្នាក់នៅផ្ទះជួល ផ្លូវលំ ភូមិ សាមគ្គី សង្កាត់ឫស្សីកែវ ខណ្ឌ ឫស្សីកែវ រាជធានីភ្នំពេញ មុខរបរជាងមាស (ស្លាប់) ។

វត្ថុតាងចាប់យក៖ កាំបិតបុ័ងតោដងដែកចំនួន០១ដើម ,ម៉ូតូ០១គ្រឿងម៉ាកសេ១២៥ ពណ៌ខ្មៅ លេខតួ+លេខម៉ាស៊ីន ៨០៩៧០៧១ ពាក់ផ្លាកលេខ ភ្នំពេញ 1O 4408 (ជារបស់ជនសង្ស័យឈ្មោះ សុខ ហៃ ហៅ យ៉ាវ) ។

ដំណើររឿងហេតុ៖ នៅថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង១៩ម៉ោង៤០នាទី ជនរងគ្រោះឈ្មោះ គីម សុខខឿន ហៅ ទ្រឹង បានជិះម៉ូតូ០១គ្រឿងម៉ាកនិច ពណ៌ផ្កាឈូក ពាក់ផ្លាកលេខ ភ្នំពេញ 1GN 2249 មកឌុបស្រ្តី ជាសង្សារឈ្មោះ ង្វៀង ធីង៉ុក ហៅ ល័ក្ខ (ត្រូវជាប្អូនថ្លៃរបស់ជនសង្ស័យឈ្មោះ ង្វៀង យុំាងតាំ) មកឈប់និយាយគ្នា នៅមុខហាងសាំងកាល់តិច ផ្លូវជាតិលេខ២ ភូមិ ទួលរកា សង្កាត់ ចាក់អង្រែក្រោម ខណ្ឌមានជ័យ ពីរឿងសុំចែកផ្លូវគ្នា ទន្ទឹមនោះជនសង្ស័យចំនួន០២នាក់ ឈ្មោះ ង្វៀង យុំាងតាំ និង ឈ្មោះ សុខ ហៃ ហៅ យ៉ាវ បានជិះម៉ូតូ០១គ្រឿងម៉ាកសេ១២៥ ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1O 4408 មកឈប់ក្បែរ ហើយជនសង្ស័យឈ្មោះ សុខ ហៃ ហៅ យ៉ាវ បានចុះពីលើម៉ូតូដើរចូលទៅសួរនាំ ក៏មានទំនាស់ពាក្យសំដី និងវាយប្រតាយប្រតប់គ្នា ពេលនោះជនសង្ស័យឈ្មោះ សុខ ហៃ ហៅ យ៉ាវ បានដកកាំបិតបុ័ងតោចំនួន០១ដើម កាប់ទៅលើជនរងគ្រោះឈ្មោះ គីម សុខខឿន បណ្តាលឲ្យរបួសដៃខាងឆ្វេង ហើយជនរងគ្រោះបានហៅសង្សារឈ្មោះ ង្វៀង ធីង៉ុក ហៅ ល័ក្ខ ឲ្យឡើងជិះម៉ូតូជាមួយ រត់គេចខ្លួនតាមបណ្តោយផ្លូវជាតិលេខ២ (ឆ្ពោះទៅទិសដៅស្ពានអាកាសក្បាលថ្នល់) ភ្លាមនោះជនសង្ស័យទាំង០២នាក់ ឈ្មោះ ង្វៀង យុំាងតាំ និង ឈ្មោះ សុខ ហៃ ហៅ យ៉ាវ បានជិះម៉ូតូដេញតាមពីក្រោយ រហូតដល់ចំណុចមុខការដ្ឋានបូមខ្សាច់ ផ្លូវជាតិលេខ២ ភូមិ ព្រែកតាគង់ សង្កាត់ ចាក់អង្រែលើ ខណ្ឌមានជ័យ (ចំណុចកើតហេតុ) ម៉ូតូជនរងគ្រោះបានជ្រុលទៅបុកបង្គោលភ្លើងបំភ្លឺផ្លូវ ធ្វើឲ្យជនរងគ្រោះឈ្មោះ គីម សុខខឿន ដួលបោកប៉ះទង្គិចក្បាល និងខ្លួនប្រាណធ្ងន់ធ្ងរបណ្តាលឲ្យស្លាប់ ក្នុងពេលនោះ ជនសង្ស័យឈ្មោះ សុខ ហៃ ហៅ យ៉ាវ បានចុះទៅកាប់ជនរងគ្រោះ ចំនួន០១កាំបិតបន្ថែមទៀត ត្រូវចំចង្កេះខាងឆ្វេង ចំណែកជនសង្ស័យឈ្មោះ ង្វៀង យុំាងតាំ បានទៅនាំស្រ្តីជាប្អូនថ្លៃឈ្មោះ ង្វៀង ធីង៉ុក ហៅ ល័ក្ខ ឲ្យឡើងជិះម៉ូតូជាមួយគេចខ្លួនបាត់ ។

លុះមកដល់វេលាម៉ោង២១ម៉ោង០០នាទីថ្ងៃដដែល ឈ្មោះ បាវ ស្រី ភេទស្រី (ជាម្តាយរបស់ជនរងគ្រោះ) បានមកពិនិត្យមើល សាកសពជនរងគ្រោះ ហើយបានដាក់ពាក្យបណ្តឹងឲ្យសមត្ថកិច្ច ចាត់ការតាមផ្លូវច្បាប់ ។ លុះមកដល់ថ្ងៃទី០៤ ខែ មិថុនា ឆ្នាំ២០២១ វេលាម៉ោង២១ម៉ោង០០នាទី កម្លាំងផ្នែកនគរបាលយុត្តិធម៌ នៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យ បានសហការជាមួយកម្លាំង នគរបាលប៉ុស្តិ៍ចាក់អង្រែលើ ចុះស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ សុខ ហៃ ហៅ យ៉ាវ នៅចំណុចផ្លូវបេតុង ភូមិ អូរអណ្តូង សង្កាត់ ព្រែកប្រា ខណ្ឌ ច្បារអំពៅ យកមកសាកសួរ នៅស្នាក់ការនគរបាលប៉ុស្តិ៍ចាក់អង្រែលើ ដើម្បីចាត់ការតាមនីតិវិធី ចំណែកបក្ខពួកជនសង្ស័យឈ្មោះ ង្វៀង យុំាងតាំ បានរត់គេចខ្លួនបាត់ ។

បច្ចុប្បន្នជនសង្ស័យឈ្មោះ សុខ ហៃ ហៅ យ៉ាវ ឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿង ចាត់តាមនីតិវិធី ៕

មតិយោបល់