ព័ត៌មានជាតិ

ករណីហិង្សារវាងបុគ្គលិក foodpanda ជាមួយនិងបុរសម្នាក់ ផ្អើលសមត្ថកិច្ចចុះអន្តរាគមន៍ នៅខណ្ឌទួលគោក

ភ្នំពេញៈ នៅវេលាម៉ោង ១០និង២៥នាទីយប់ថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២១ មានករណីហិង្សាបណ្ដាលឲ្យបុរសម្នាក់រងរបួស ស្ថិតម្ដុំជិតស្តុបចេនឡាផ្លូវព្រះមុនីរ៉េត សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ។
ភាគីទាំងសងខាងមិនត្រូវបានស្គាល់អត្តសញ្ញាណទេ។

ដំណើររឿង៖ យោងតាមប្រភពព័ត៌មានពីបុគ្គលិកដឹកជញ្ជូនចំនីអាហារ foodpanda មានគ្នា ៤នាក់ បន្ទាប់ពីចប់ការងារបានជិះម៉ូតូម៉ាក ហុងដា ឃ្លីក ពណ៌សលាយខ្មៅ ១គ្រឿង រកទិញអីហូបក្បែរកន្លែងកើតហេតុ ស្រាប់តែពេលនោះ ក៏មានបុរសម្នាក់រស់នៅភូមិកើតហេតុ រត់ដេញតាមវាយ និងស្រែកថា ចោរៗ ដោយទ្រាំមិនបានពួកគេក៏វាយបុរសនោះ បណ្ដាលឲ្យរងរបួស។

បើយោងតាមប្រភពព័ត៌មានពីបុរសរងគ្រោះ បានឲ្យដឹងថា មុនពេលកើតហេតុ គាត់បានឈរជិតម៉ូតូរបស់គាត់នៅកន្លែងកើតហេតុ ខណៈនោះក៏មានបុរស ៤នាក់ខាងលើ ពាក់ឯកសណ្ឋានផ្នែកដឹកជញ្ជូនចំនីអាហារ foodpanda ជិះមកដល់ហើយ អ្នកក្រោយបានចុះមកវាយគាត់ រួចបើកម៉ូតូរត់គេច ប៉ុន្តែត្រូវគាត់ជិះដេញតាម ស្រាប់តែមកដល់ផ្លូវមុនីរ៉េត ក៏កើតជាអំពើហិង្សាវាយតប់គ្នា និងខាងភាគីមានគ្នាច្រើន បានទាញផ្ដាច់ខ្សែ.ក និងយកទូរស័ព្ទដៃគាត់ ។

ករណីនេះ មួយសន្ទុះក្រោយមក ក៏ឃើញមានសមត្ថកិច្ចចុះដល់ទីតាំង នាំភាគីទាំងសងខាង ទៅប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងសាឡាង ដើម្បីធ្វើការសាកសួរ ក្រោយឃាត់ខ្លួនសួរនាំ និងសម្របសម្រួល អប់រំណែនាំ ភាគីទាំងពីរក៏បាន និយាយសុំទោសគ្នាទៅវិញទៅមក ដើម្បីបញ្ចប់រឿង រួចត្រឡប់ទៅផ្ទះវិញរៀងៗខ្លួន៕

មតិយោបល់