ព័ត៌មានជាតិ

ស្រ្តីម្នាក់ជិះម៉ូតូក្រឡាច់កង់ដួល បណ្តាលឲ្យខ្ទាតត្រូវរថយន្តកិនចំពាក់កណ្តាលខ្លួន រងរបួសធ្ងន់

កណ្តាល: នៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង១៩និង៣០នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍ អ្នកបើកបរម៉ូតូជិះក្រឡាច់កង់ដួល ខ្ទាតទៅលើថ្នល់ត្រូវរថយន្តកិនចំ បណ្តាលឲ្យរងរបួសធ្ងន់ស្រ្តីម្នាក់ និងខូចខាតម៉ូតូ០១គ្រឿង នៅលើកំណាត់ផ្លូវបេតុង ស្ថិតក្នុងភូមិអរិយក្សត្រ ឃុំអរិយក្សត្រ ស្រុកល្វាឯម ខេត្តកណ្តាល ។

ដំណើររឿង៖ នៅមុនពេលកើតហេតុ គេឃើញមានម៉ូតូមួយគ្រឿងម៉ាក Honda Dream C125 ពណ៌ខ្មៅ ពាក់ផ្លាកលេខព្រះសីហនុ 1G-2244 (ពាក់មួកសុវត្ថិភាព និងមានកញ្ចក់មើលក្រោយ) អ្នកបើកម៉ូតូឈ្មោះ ចាន់ សំណាង ភេទស្រី អាយុ ២២ ឆ្នាំ មានទីលំនៅភូមិព្រែកតាកូវ ឃុំ ព្រែកតាកូវ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល (របួសធ្ងន់) ម៉ូតូបើកក្នុងទិសដៅពីលិចមកកើត ពីកំពង់ចម្លងអរិយក្សត្រ មកប៉ុស្តិ៍អរិយក្សត្រ ពេលបើកមកដល់កន្លែងកើតហេតុ ក៏បានក្រឡាច់កង់ម៉ូតូដួល ទៅលើថ្នល់ក្បែរចញ្ចើមផ្លូវ ស្របពេលនោះក៏មានរថយន្តមួយគ្រឿងម៉ាក TUNDRA ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ 2AY-7738 អ្នកបើកបររត់គេចខ្លួន មិនស្គាល់អត្តសញ្ញាណ) បើកបរក្នុងទិសដៅស្របគ្នា បណ្តាលឲ្យកិនស្រ្តីម្នាក់ចំពាក់កណ្តាលខ្លួន ក្រោយពេលដឹងថា រថយន្តរបស់ខ្លួនបានកិនមនុស្ស ភ្លាមនោះអ្នកបើកបររថយន្ត ក៏បានទុករថយន្តចោលនៅកន្លែងកើតហេតុ ហើយរត់គេចខ្លួនបាត់ស្រមោល ។

មូលហេតុ៖ មកពីអ្នកបើកបរម៉ូតូ Honda Dream C125 ពាក់ផ្លាក់លេខព្រះសីហនុ1G-2244 បើកបរខ្វះការប្រុងប្រយ័ត្ន មិនបានមើលស្ថានភាពផ្លូវ ចំណែករថយន្តបើកបរមិនបានប្រើគម្លាតនៃការបើកបរ ។

ក្រោយពេលកើតហេតុ មធ្យោបាយដែលពាក់ព័ន្ធ ត្រូវសមត្ថកិច្ចយកទៅរក្សាទុក ជាបណ្ដោះអាសន្ន នៅអធិការដ្ឋាននគរបាលស្រុកល្វាឯម ដើម្បីចាត់ការតាមនិតិវិធី ៕

មតិយោបល់