ព័ត៌មានជាតិ

Update៖ ប្តីប្រពន្ធ២នាក់ ជិះម៉ូតូឌុបគ្នាមកពីស្រុក បំណងទៅធ្វើការនៅភ្នំពេញវិញ ត្រូវរថយន្តបុកនឹងកិនប្តីស្លាប់

ភ្នំពេញ: ប្តីប្រពន្ធ២នាក់ ទើបមកពីស្រុកខាងប្រពន្ធ នៅស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង ដោយជិះម៉ូតូម៉ាកស្តុបពីមួយគ្រឿង បំណងទៅធ្វើការនៅភ្នំពេញវិញ ខណ:ជិះម៉ូតូមកដល់មុខវត្តវាលស្បូវ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ បានជួបគ្រោះថ្នាក់ចរាចរណ៍ ត្រូវរថយន្តបុកនិងកិនចំប្តីស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុ ប្រពន្ធរងរបួសស្រាល ហើយរថយន្តបង្ក បើករត់គេចជាង១០០ម៉ែត្រ ទើបទុករថយន្តចោល ហើយអ្នកបើកបរគេចខ្លួនបាត់ស្រមោល កាលពីវេលាម៉ោង១២ថ្ងៃត្រង់ថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២១ ត្រង់ចំណុចមុខវត្តខាងលើ ។

ជនរងគ្រោះស្លាប់មានឈ្មោះ កែន សារុំ អាយុ៣៥ឆ្នាំ មុខរបរជាងភ្លើងឯកជន មានស្រុកកំណើតនៅស្រុកអង្គរជ័យ ប្រពន្ធឈ្មោះ តាំង អាយុជាង៣០ មុខរបរកម្មការនីរោងចក្រ ស្នាក់នៅបន្ទប់ជួលនៅម្តុំសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ អ្នកទាំងពីរមានកូនប្រុសស្រី២នាក់ ក្នុងបន្ទុក ។ ជនរងគ្រោះជិះម៉ូតូម៉ាកស្តុបពី ពណ៌ក្រហម ពាក់ផ្លាកលេខភ្នំពេញ1JB 5948 ។ ចំណែករថយន្ត ម៉ាកហ៊ីណូ ពាក់ផ្លាកលេខព្រះសីហនុ 3A-6917 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ គេចខ្លួនបាត់ពីកន្លែងកើតហេតុ ។

តាមស្ត្រីជាប្រពន្ធ បានឲ្យដឹងថា មុនពេលកើតហេតុពួកគេទាំងពីរនាក់ បានធ្វើដំណើរចេញពីស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង ដោយធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ១ ក្នុងទិសដៅពីកើតទៅលិច គោលបំណងមកបន្ទប់ជួលម្ដុំផ្សារទឹកថ្លា ដើម្បីធ្វើការវិញ ខណ:មកដល់ចំណុចមុខវត្តវាលស្បូវ ក៏មានរថយន្តយីឌុកសណ្តោងរ៉ឺម៉កដឹកខ្សាច់មួយគ្រឿង បើកចេញពីផ្លូវលំ ពីជើងឡើងមកផ្លូវជាតិ១ មកបុកចំម៉ូតូជនរងគ្រោះផ្នែកខាងមុខចំហៀងខាងស្តាំ បណ្តាលឲ្យប្តីរបស់គាត់ ដួលចូលក្រោមកង់រថយន្ត កិនចំក្បាលស្លាប់ភ្លាមៗ ។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាន រួមជាមួយនឹងជំនាញចរាចរណ៍ខណ្ឌ បានទាក់ទងទៅជំនាញចរាចរណ៍ជើងគោក នៃស្នងការនគរបាលរាជធានី ចុះមកវាស់វែងនិងរៀបចំឯកសារ ប្រគល់សពយកទៅឱ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី ឯរថយន្តនិងម៉ូតូយកទៅរក្សាទុក នៅស្នងការនគរបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំការដោះស្រាយតាមនីតិវិធីនៅពេលក្រោយ ៕

មតិយោបល់