ភ្នំពេញៈ ទិវាអន្តរជាតិស្តីពីយូហ្កា ឬហៅជាភាសារអង់គ្លេសថា (International Day of yoga) ដែលជាលំហាត់សុខភាពមួយដ៏មានអត្ថប្រយោជន៍ ជួយសង្រួមអារម្មណ៍ ជួសជុលផ្លូវចិត្តនិងកាយនឹងធ្វើឡើងថ្ងៃទី១៨-១៩ ខែមិថុនា ឆ្នាំ២០១៦នេះ ហើយរំពឹងថានឹងមានអ្នកចូលរួមជាច្រើនពាន់នាក់។
លោក ប៉ាក់ សុខុម រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាតំណាងលោក ថោង ខុន បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន ដើម្បីផ្សព្វផ្សាយពីការរៀបចំទិវាអន្តរជាតិ ស្តីពីយោគៈ (International Day of yoga) លើកទី២នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជានៅថ្ងៃទី៦ ខែមិថុនានេះថា ក្រសួងទេសចរណ៍កម្ពុជា សហការជាមួយស្ថានទូតសាធារណរដ្ឋឥណ្ឌាប្រចាំកម្ពុជា រួមនិងស្ថាប័នពាក់ព័ន្ធ នឹងរៀបចំព្រឹត្តិការណ៍យូហ្កាទ្រង់ទ្រាយធំនៅឆ្នាំនេះនៅខេត្តគោលដៅទេសចរណ៍សំខាន់ៗចំនួន៣របស់កម្ពុជា នាបរិវេណប្រសាទអង្គរវត្តខេត្តសៀមរាប ឆ្នេរសុខាខេត្តព្រះសីហនុ និងនៅបរិវេណពហុកីឡាដ្ឋានជាតិអូឡាំពិក រាជធានីភ្នំពេញ។
លោកបន្ថែមថា “យូហ្កា គឺជាលំហាត់កាយសុខភាព ពោលគឺហាត់សមាធិ សង្រួមផ្លូវចិត្ត ផ្លូវកាយ ដាក់វិន័យខ្លួនឯង បង្កើនភាពហ្មត់ចត់ និងសម្រួលចលនាដង្ហើម សាច់ដុំ ចង្វាក់សរសៃឈាមឱ្យស្រួល ពិសេសបន្ធូនូវភាពតានតឹងក្នុងចិត្ត សម្រាប់ពង្រឹងសុខភាពមនុស្ស”។
ឯកអគ្គរដ្ឋទូតសាធារណៈរដ្ឋឥណ្ឌា លោក Naveen Srivas Tava ថ្លែងថា ការធ្វើលំហាត់យូហ្កា នឹងធ្វើឲ្យមនុស្សមានអារម្មណ៍ស្ងប់ បំបាត់ភាពឆេវឆាវ និងភាពរឹងរូសទាំងឡាយពីក្នុងខ្លួន ហើយយូហ្កាត្រូវបានមនុស្សជាង១៥០ប្រទេសនៅលើពិភពលោកចាប់អារម្មណ៍ និងអនុវត្តជាប្រចាំ ដើម្បីសុខភាពផ្លូវចិត្ត និងសុខភាពរាងកាយរបស់ពួកគេ។
កម្ពុជាបានរៀបចំធ្វើជាលើកទី២នៅឆ្នាំ២០១៦នេះ ខេត្តគោលដៅទេសចរណ៍សំខាន់របស់ខ្លួនក្នុងបំណងបង្ហាញពីសក្កដានុពលទេសចរណ៍ផង និងបង្ហាញពីភាពទំនាក់ទំនងអន្តរជាតិល្អជាមួយបណ្តាប្រទេសនៅលើសាកលលោកផង ហើយក៏ជាទិសដៅទី១ក្នុងអាស៊ី និងជាទិសដៅទី២ក្នុងពិភពលោក ដើម្បីបង្ហាញឲ្យមនុស្សយល់ដឹងអំពីសារៈប្រយោជន៍នៃការហាត់យោគៈ សម្រាប់ឲ្យសុខភាពរឹងមាំ ក៏ដូចជាការផ្សព្វផ្សាយពីវិស័យទេសចរណ៍រវាងកម្ពុជា-ឥណ្ឌាទៅកាន់ទីផ្សារពិភពលោក។
លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា មានប្រសាសន៍ថា លំហាត់នេះពិតជាមានប្រយោជន៍សម្រាប់សុខភាព ប្រមូលអារម្មណ៍ បង្កើតកម្លាំង ។ សម្រាប់កម្ពុជា “ខ្ញុំគិតថាប្រហែលជាយើងអាចពិភាក្សាគ្នាស្វែងរកពេលមួយសម្រាប់ក្រុមជំរើសជាតិ និងសម្រាប់កីឡារបស់យើងនៅថ្ងៃអនាគត មុនចេញទៅប្រកួត ពោលគឺធ្វើនៅមុនពេលត្រៀមចេញទៅប្រកួត”៕



មតិយោបល់