ភ្នំពេញៈ ស្ត្រីម្នាក់បានយកបាយមកឲ្យប្តីដែលជាសន្តិសុខយាមនៅការដ្ឋានសំណង មួយកន្លែងក្បែរកន្លែងកើតហតុ ហើយក៏បានផឹកស្រាជាមួយគ្នា ស្រាប់តែពេលនោះ ស្ត្រីជាប្រពន្ធក្តៅស្អុះ ប្តីក៏ប្រាប់ប្រពន្ធឲ្យទៅងូតទឹកទន្លេ ស្រាប់តែលង់ស្លាប់។
ហេតុការណ៍នេះបានបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ១និង២០នាទីរសៀល ថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២១ ដែលស្ថិតនៅតាមមាត់ទន្លេ ក្នុងសង្កាត់ផ្សារកណ្តាលទី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
យោងតាមប្រភពព័ត៌មានពីប្តីរបស់ស្ត្រីខាងលើ បានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ ប្រពន្ធរបស់គាត់បានយកបាយម្ហូបមកឲ្យគាត់នៅចំណុចការដ្ឋានសំណងមួយកន្លែង តាមបណ្តោយផ្លូវព្រះសុវត្ថិ ក្នុងសង្កាត់ផ្សារកណ្តាលទី១ ខណ្ឌដូនពេញ ពេលនោះប្រពន្ធរបស់គាត់បានយកស្រាមកហូបជុំគ្នាជាមួយគាត់ ស្រាប់តែមួយស្ទុះក្រោយមក ប្រពន្ធរបស់គាត់ក្តៅស្អុះខ្លាំងពេក ក៏បានសុំរូបគាត់ទៅងូតទឹកនៅមាត់ទន្លេ គាត់ក៏អនុញាតឲ្យទៅ បន្ទាប់ពីចាំបាត់ៗប្រហែលជា កន្លះម៉ោង គាត់ឆ្ងល់ថា បាត់ប្រពន្ធរបស់គាត់យូរម្លេះ ហើយក៏បានដើរទៅរកមើល ស្រាប់តែពេលនោះ ក៏ប្រទះឃើញប្រពន្ធរបស់គាត់លង់ទឹកស្លាប់នៅច្រាំងទន្លេបាត់ទៅហើយ។
ភ្លាមៗនោះ ក៏មានការភ្ញាក់ផ្អើលជាខ្លាំងដល់បងប្អូនប្រជាពលរដ្ឋដែលនៅជិតខាងនោះ រួចក៏រាយការណ៍ទៅកាន់សមត្ថកិច្ច ដើម្បីចុះមកទីតាំងខាងលើ។
ក្រោយពីពេលទទួលបានដំណឹងនោះរួចមក សមត្ថកិច្ចបានចុះមកដល់ទីតាំងខាងលើ និងបានទំនាក់ទំនងទៅការសមត្ថកិច្ចជំនាញកោសល្យវិច័យ នៃស្នងការនគរបាលរាជធានីភ្នំពេញ ដើម្បីចុះមកធ្វើការពិនិត្យសព ដោយសមត្ថកិច្ចបានបញ្ជាក់ថា គឺស្លាប់ដោយសារតែការលង់ទឹក រួចធ្វើកំណត់ហេតុប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់