ព័ត៌មានជាតិ

Update៖ ករណីគ្រោះថ្នាក់ចរាចរណ៍ រថយន្តបុកបន្តកន្ទុយគ្នា ម្ចាស់ដោះស្រាយគ្នាមិនត្រូវ ទើបសមត្ថកិច្ចវាស់វែងយកទៅរក្សាទុក

ភ្នំពេញៈ នៅវេលាម៉ោង៣និង១៧នាទីរសៀលថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២១ មានករណីគ្រោះថ្នាក់ចរាចរណ៍ បុរសម្នាក់ បើករថយន្តបែនដឹកដីមិនប្រយ័ត្ន បណ្តាលឲ្យជ្រុលទៅបុករថយន្ត១គ្រឿងម៉ាកហ្វដ រួចរថយន្តនេះ បន្តទៅបុករថយន្តក្រុមហ៊ុនស៊ិនទ្រី បន្ថែមទៀត បណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ ស្ថិតត្រង់ចំណុចភ្លើងស្តុបបារគូ តាមបណ្តោយផ្លូវលេខ៥០ ម៉ែត្រកែងនឹងផ្លូវលេខ២១៧ ភូមិបារគូ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

ដំណើររឿងហេតុ៖ នៅមុនពេលកើតហេតុ មានរថយន្តរបស់ក្រុមហ៊ុនស៊ិនទ្រី១គ្រឿងធ្វើដំណើរទៅប្រមូលសំរាម នៅគោលដៅមួយកន្លែង រួមជាមួយនឹងក្រុមកម្មករ ។ លុះពេលធ្វើដំណើរតាមដងផ្លូវលេខ៥០ម៉ែត្រ ក្នុងទិសដៅពីលិចទៅកើត មកដល់ត្រង់ចំណុចភ្លើងស្តុបបារគូក៏ឈប់ ពេលនោះស្រាប់តែមានរថយន្តស៊េរីទំនើប១គ្រឿងម៉ាកហ្វត ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ 2BH-1718 បើកបរដោយស្ត្រីម្នាក់ រួមដំណើរជាមួយនឹងម្ដាយម្នាក់ បានធ្វើដំណើរមកក្រោយក៏បានឈប់ ភ្លើងស្តុបដែរ ពេលនោះ ក៏មានបុរសម្នាក់បើករថយន្តបែនដឹកដីធុនធំ១គ្រឿង មកពីក្រោយក្នុងល្បឿនលឿនមិនប្រយ័ត្ន ជ្រុលទៅបុកគូទរថយន្ត ហ្វត រួចរថយន្តហ្វតនេះ ក៏ជ្រុលទៅបុកគូទរថយន្តក្រុមហ៊ុនស៊ិនទ្រី ១គ្រឿងទៀត បណ្តាលឲ្យរថយន្តហ្វត ខូចខាតផ្នែកខាងមុខ និងខាងក្រោយយ៉ាងដំណំ ករណីខាងលើនេះដែរ គ្មាននរណាម្នាក់រងគ្រោះថ្នាក់នោះទេ ។

បន្ទាប់ពីកើតហេតុរួច កម្លាំងសមត្ថកិច្ចចុះទៅឲ្យភាគីទាំងសងខាងនិយាយគ្នា ។ ចំណែកភាគីខាងរថយន្តស៊ិនទ្រី មិនចង់មានរឿងវែងឆ្ងាយ ក៏យករថយន្តទៅជួសជុលដោយខ្លួនឯង ហើយម្ចាស់រថយន្តហ្វត និងម្ចាស់រថយន្ត បែនដឹកដីធ្វើការដោះស្រាយគ្នា ។ ដោយភាគីរថយន្តទាំង២គ្រឿងដោះស្រាយមិនត្រូវគ្នា ទើបសមត្ថកិច្ចវាស់វែង យករថយន្តទាំង២គ្រឿង ទៅរក្សាទុកជាបណ្តោះអាសន្ន នៅអធិការដ្ឋានគរបាលខណ្ឌដង្កោ ដើម្បីរង់ចាំធ្វើការដោះស្រាយ នៅពេលក្រោយ តាមនីតិវិធីផ្លូវច្បាប់បន្តទៀត ៕

មតិយោបល់