កណ្តាលៈ យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា នៅថ្ងៃសៅរ៍ ១០រោច ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២១ មានករណីអំពើលួច ម៉ូតូ វេលាម៉ោង១៣ និង ៣០ នាទី នៅចំណុចភូមិស្រះសង្គម ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល ។
ជនរងគ្រោះឈ្មោះ ទូច ស្រីល័ក្ខ ភេទស្រី អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មការនីរោងចក្រ នៅភូមិស្រះសង្គម ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល ។ ចំណែកជនសង្ស័យឈ្មោះ ទូច វណ្ណឌី ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិត នៅភូមិស្រះសង្គម ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល (ឃាត់ខ្លួន) ។
សម្ភារៈបាត់បង់៖ ម៉ូតូមួយគ្រឿងម៉ាក ហុងដាស្កុបពី ពណ៌ស ផលិតឆ្នាំ2017 ពាក់ផ្លាកលេខភ្នំពេញ 1GP-4353 ។
នៅមុនពេលកើតហេតុ ជនរងគ្រោះបានទុកម៉ូតូរបស់ខ្លួន នៅខាងមុខផ្ទះហើយដើរចូលក្នុងផ្ទះ ដើម្បីបំពេរកូនឲ្យគេង ។ ពេលជនរងគ្រោះចេញពីក្នុងផ្ទះវិញ ស្រាប់តែបាត់ម៉ូតូពីខាងមុខផ្ទះ ទើបស្រែកឆោឡោ ពេលនោះម្ដាយរបស់ជនរងគ្រោះ បានឆ្លើយវិញថាម៉ូតូនោះឈ្មោះ ទូច វណ្ណឌី ជាបងប្រុសកូន អ្នកជិះយកទៅ ។
រហូតដល់ថ្ងៃទី៤ខែឆ្នាំដដែល ដោយមិនឃើញជនសង្ស័យ និងម៉ូតូត្រឡប់មកផ្ទះវិញ ទើបជនរងគ្រោះបានទៅដាក់ពាក្យបណ្ដឹង នៅប៉ុស្ដិ៍នគរបាលរដ្ឋបាលពើក ។ លុះដល់ថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២១ ពេលនោះជនសង្ស័យត្រឡប់ចូលផ្ទះវិញ ដោយមិនឃើញម៉ូតូមកជាមួយ ទើបជនរងគ្រោះបានទូរស័ព្ទរាយការណ៍ ឲ្យសមត្ថកិច្ចប៉ុស្ដិ៍ដើម្បីឃាត់ខ្លួនសួរនាំតាមនីតិវិធី ។
តាមចម្លើយសារភាពរបស់ជនសង្ស័យបានឆ្លើយថា ខ្លួនយកកូនសោម៉ូតូដែលជនរងគ្រោះទុកនៅលើពូក ហើយក៏ចាក់ម៉ូតូជិះយកទៅភ្នំពេញ និងបានយកម៉ូតូនោះទៅបញ្ចាំកន្លែងមិនស្គាល់ឈ្មោះ នៅម្ដុំផ្សារឃ្លាំងរំសេវ រាជធានីភ្នំពេញ បានដាក់បញ្ចាំ ខោអាវម៉ូតូ ចង្គៀងមុខម៉ូតូ កុងទ័រម៉ូតូ បានប្រាក់ចំនួន80ដុល្លារអាមេរិក ។ ចំពោះម៉ូតូ នៅពេលខ្លួនជិះទៅអង្គុយលេងនៅម្ដុំមុខវាំង ក៏ត្រូវគេលួចកាច់កយកបាត់ ហើយបន្ទាប់មកខ្លួនក៏ជិះរថយន្តឈ្នួលត្រឡប់មកផ្ទះវិញ ។
ចំពោះករណីនេះ កម្លាំងជំនាញកំពុងកសាងសំណុំរឿង ដើម្បីចាត់ការបន្តតាមនីតិវិធី ៕
មតិយោបល់