ព័ត៌មានជាតិ

បើករថយន្តឃ្លុបដឹកអីវ៉ាន់ ក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្ន ជ្រុលទៅបុកគូទ Ford Ranger ស៊េរីទំនើប បណ្តាលឲ្យខូចខាត

ភ្នំពេញ: បុរសម្នាក់បើករថយន្តឃ្លុប ដឹកអីវ៉ាន់ ក្នុងល្បឿនលឿន ដោយខ្វះការប្រុងប្រយ័ត្ន ក៏ជ្រុលទៅបុកគូទរថយន្តស៊េរីទំនើប បណ្ដាលឲ្យរងការខូចខាត បែកស្តុបក្រោយខាងស្តាំ ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង ១០និង២០នាទី ថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២១ ស្ថិតតាមបណ្ដោយផ្លូវលេខ២២៨ កែងផ្លូវលេខ៥១ ក្នុងសង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋ បានឲ្យដឹងថា នៅមុនពេលកើតហេតុ គេបានឃើញរថយន្តមួយគ្រឿងម៉ាក Ford Ranger ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ ២BL-១២៤៨ បានធ្វើដំណើរតាមបណ្ដោយផ្លូវលេខ៥១ ទិសដៅពីជើងទៅត្បូង ក្នុងល្បឿនលឿនល្មម ខណ:ពេលធ្វើដំណើរមកដល់ចំណុចកើតហេតុ ក៏ស្រាប់តែមានរថយន្តមួយគ្រឿង ជាប្រភេទរថយន្តឃ្លុបដឹកអីវ៉ាន់ ពណ៌ទឹកសមុទ្រ ពាក់ផ្លាកលេខ ភ្នំពេញ ២AX-៤៦៨៥ បានធ្វើដំណើរតាមបណ្ដោយផ្លូវលេខ៥១ ស្របទិសដៅគ្នា ពេលនោះដោយតៃកុងរថយន្តឃ្លុប បើកបរលឿនចាប់ហ្វ្រាំងមិនទាន់ ក៏ជ្រុលទៅបុករថយន្ត Ford Ranger ពីក្រោយចំហៀងខាងស្តាំ បណ្ដាលឲ្យបែកស្តុប ។

ក្រោយពេលកើតហេតុ កម្លាំងសមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់ទីតាំងកើតហេតុ និងបានធ្វើការដោះស្រាយឲ្យភាគីទាំងសងខាង សម្របសម្រួលគ្នា នៅកន្លែងកើតហេតុ ៕

មតិយោបល់