បន្ទាយមានជ័យៈ ថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៩ វេលាម៉ោង ៥និង ១៦នាទី នៅចំណុចភូមិគីឡូម៉ែត្រលេខ៤ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ មូលដ្ឋានកងរាជអាវុធហត្ថក្រុង ដឹកនាំដោយលោក អ៊ុ សាខន នាយរងសេនាធិការ ប្រចាំការមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានចុះប្រតិបត្តិការបង្រ្កាបករណី ធ្វើឲ្យខូចខាតទ្រព្យសម្បត្តិអ្នកដ៏ទៃដោយចេតនា និងប្រើប្រាស់សារធាតុញៀនខុសច្បាប់ និងឃាត់ខ្លួនជនសង្ស័យបានចំនួន ០១នាក់ ។ បន្ទាប់ពីធ្វើការឃាត់ខ្លួន លោកបានកសាងសំណុំរឿងជនសង្ស័យ ទៅទីបញ្ជាការកងរាជអាវុធហត្ថខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី ។
លោក ព្រហ្ម ថេង ប្រធានមន្ទីរយុត្តិធម៌ បានឲ្យដឹងថា យោងតាមបណ្តឹងរបស់ជនរងគ្រោះឈ្មោះ វណ្ណ ជាវ័យ ភេទ ប្រុស អាយុ ២៨ឆ្នាំ មានទៅលំនៅស្ថិតក្នុងភូមិ/សង្កាត់កើតហេតុខាងលើ បានបំភ្លឺឲ្យដឹងថា នៅថ្ងៃកើតហេតុ វេលាម៉ោង ៩ និង ០០នាទី ខ្លួននិងអ្នកផ្ទះកំពុងរៀបចំសម្ភារៈ និងម្ហូបអាហារដើម្បីយកទៅវត្ត ស្រាប់តែលឺសម្លេងគប់ដំបូលផ្ទះរបស់ខ្លួនជាច្រើនលើក និងលឺសម្លេងស្រែកឡូឡា ពេលនោះខ្លួនក៏ចេញទៅមើល ស្រាប់តែឃើញជនសង្ស័យកាន់ដុំថ្មគប់សំដៅមកលើរថយន្តរបស់ខ្លួន បណ្តាលឲ្យបែកកញ្ចក់ទ្វារផ្នែកខាងមុខទាំងស្រុង ។ ក្រោយទទួលបានពាក្យបណ្តឹង និងដោយទទួលបានការសម្របសម្រួលពីលោក មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត កម្លាំងជំនាញកងរាជអាវុធហត្ថ បានចុះធ្វើការស្រាវជ្រាវរហូតឃាត់ខ្លួនបានជនសង្ស័យចំនួន ០១នាក់ ឈ្មោះ យឿន សុភ័ក្រ ភេទ ប្រុស អាយុ ៣២ឆ្នាំ បច្ចុប្បន្នរស់នៅភូមិ/សង្កាត់កើតហេតុខាងលើ ។
ក្រោយពីធ្វើការសាកសួរ ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានគប់ដំបូលផ្ទះ និងគប់កញ្ចក់រថយន្ត របស់ជនរងគ្រោះពិតប្រាកដមែន ដោយមានគំនុំនិងប្អូនថ្លៃរបស់ជនរងគ្រោះ ហើយពេលខ្លួនបានប្រើប្រាស់គ្រឿងញៀន ចេះតែមានចិត្តខឹងនឹងគ្រួសាររបស់ជនរងគ្រោះ ។
លោកវរសេនីយ៍ទោ ព្រហ្ម ថេង បានបញ្ជាក់បន្ថែមទៀតថា ៖ ផ្អែកលើចម្លើយសារភាពរបស់ជនសង្ស័យ យោងតាមរបាយការណ៍របស់មូលដ្ឋានកងរាជអាវុធហត្ថក្រុង និងយោងតាមការបំភ្លឺរបស់ជនរងគ្រោះ ឃើញថាមានតម្រុយពិរុទ្ធភាពនៃបទល្មើសជាក់លាក់ ជនសង្ស័យខាងលើ អាចត្រូវចោទពីបទ ធ្វើឲ្យខូចខាតទ្រព្យសម្បត្តិអ្នកដ៏ទៃដោយចេតនា និងប្រើប្រាស់សារធាតុញៀនខុសច្បាប់ បច្ចុប្បន្នកម្លាំងជំនាញកងរាជអាវុធហត្ថខេត្ត បានកសាងសំណុំរឿងបញ្ជូនជនសង្ស័យ ទៅតុលាការដើម្បីចាត់ការទៅតាមនីតិវិធី ៕
មតិយោបល់