ភ្នំពេញៈ ករណីរថយន្តដឹកដីខ្សាច់ធុនតូច១គ្រឿង បើកលឿនរេចង្កូតទៅបុករថយន្តព្រូស ដែលរយ៉ែរចេញពីចំណត បណ្ដាលឲ្យខ្ទាតទៅបុករថយន្តពីរគ្រឿងទៀត ដែលចតនៅក្បែរកន្លែងកើតហេតុ ហេតុការណ៍នេះ កើតហេតុនៅវេលាម៉ោង១និង ៣០ នាទីថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២១ តាមបណ្ដោយផ្លូវលេខ៨៤ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
ករណីគ្រោះថ្នាក់ចរាចរណ៍នេះ មានរថយន្តបង្កម៉ាកហ៊ីយ៉ាន់ដាយ មួយគ្រឿង ពណ៌ខៀវខ្ចី ពាក់ផ្លាកលេខ ភព 7393 បានបើកទៅបុករថយន្តព្រូស ពណ៌ឈាមជ្រូក ពាក់ផ្លាកលេខភ្នំពេញ 2BJ 1440 បណ្ដាលឲ្យបែកស្តុបខាងក្រោយ កំពិតមួយកំណាត់ក្រោយទាំងសងខាង បានខ្ទាតទៅបុករថយន្តពីរគ្រឿងទៀត ម៉ាកហាយឡែនឌ័រ ទាំងពីរដែលមានពណ៌ស្ករ ពាក់ផ្លាកលេខភ្នំពេញ 2AK- 7257 កំពិតកាងក្រោយនឹងកាងមុខ នឹងមួយគ្រឿងទៀត ពាក់ផ្លាកលេខ ភ្នំពេញ 2AU- 3958 កំពិតកាងខាងក្រោយ ដែលចតនៅកន្លែងកើតហេតុ ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញរថយន្តបង្កបើកបរដោយឈ្មោះ ជន សិទ្ធ ភេទ ប្រុស អាយុ៣៥ឆ្នាំ ស្នាក់នៅដេប៉ូខ្សាច់ម្ដុំម៉ូឌែន៥ បើកបរក្នុងល្បឿនលឿន មកដល់កន្លែងកើតហេតុ ស្រាប់តែរថយន្តព្រូស បានរយ៉ែរចេញពីចំណត ធ្វើឲ្យរថយន្តបង្កវ៉ាក់អើ រេចង្កូតទៅបុកខ្ទាតត្រូវរថយន្តហាយលែនឌ័រពីរគ្រឿងទៀត ។
ក្រោយពេលកើតហេតុ ម្ចាស់រថយន្តបង្កនិងម្ចាស់រថយន្តរងគ្រោះចរចាគ្នា នៅកន្លែងកើតហេតុ ដោយមិនត្រូវគ្នា សមត្ថិកិច្ចបានបញ្ជូនរថយន្តទាំងបួនគ្រឿង ទៅការិយាល័យចរាចរណ៍ផ្លូវគោក រាជធានីភ្នំពេញរង់ចាំការដោះស្រាយគ្នាតាមក្រោយ ៕
មតិយោបល់