ព័ត៌មានជាតិ

ឃាត់ខ្លួនជនសង្ស័យម្នាក់ ក្នុងចំណោមបក្ខពួក៦នាក់ ករណីឆក់កាបូបប្រាក់ ស្រ្តីរងគ្រោះម្នាក់ជាមន្រ្តីរាជការ

ភ្នំពេញៈ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា ជនសង្ស័យម្នាក់ ក្នុងចំណោមបក្ខពួកចំនួន៦នាក់ ត្រូវបានកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការដ្ឋាននគករបាលរាជធានីភ្នំពេញ ស្រាវជ្រាវឃាត់ខ្លួនពាក់ព័ន្ធករណីលួចមានស្ថានទម្ងន់ទោស (ឆក់កាបូបដាក់ប្រាក់) កាលពីថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោងប្រហែល២៣និង០០នាទី នៅចំណុចផ្លូវលេខ៣៧១ កែងផ្លូវលេខ១៤សេ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

លោកវរសេនីយ៍ឯក ប៊ុន សត្យា នាយការិយាល័យព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញ បានឲ្យដឹងថា ជនសង្ស័យបានប្រព្រឹត្តបទល្មើស នៅចំណុចផ្លូវបេតុង ក្រុម១ ភូមិបឹងសាឡាង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ កាលពីថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោងប្រហែល១៦និង៣០នាទី ។

លោកវរសេនីយ៍ឯក ប៊ុន សត្យា បានបន្តថាជនសង្ស័យឈ្មោះ ជុន ច័ន្ទតារា ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅផ្ទះ មានទីលំនៅផ្ទះមិនចាំលេខ ផ្លូវបេតុង សង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។ ជនរងគ្រោះឈ្មោះ ឈិន ឆដាភា ភេទស្រី អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ មន្ត្រីរាជការ មានទីលំនៅបច្ចុប្បន្នស្នាក់នៅផ្ទះលេខ២៧សេ ផ្លូវបេតុង ភូមិទួលសង្កែ សង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។

សម្ភារបាត់បង់ៈ កាតធនាគារកាណាឌីយ៉ា ចំនួន០១សន្លឹក, ប្រាក់ដុល្លារចំនួន៣០០ដុល្លារ និងប្រាក់រៀលចំនួន ១,០០០,០០០រៀល។

លោកនាយការិយាល័យព្រហ្មទណ្ឌកំរិតស្រាល បានបន្ថែមថា កាលពីថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោងប្រហែល១៦និង៣០នាទី មានករណីអំពើលួចមានស្ថានទម្ងន់ទោស (ឆក់កាបូបដាក់ប្រាក់) នៅចំណុចផ្លូវបេតុង ក្រុម១ ភូមិបឹងសាឡាង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ បង្កឡើងដោយជនសង្ស័យចំនួន០៦នាក់ ជិះម៉ូតូចំនួន០៣គ្រឿង បានធ្វើសកម្មភាពឆក់យកកាបូបប្រាក់ពីជនរងគ្រោះកំពុងជិះម៉ូតូម៉ាកហុងដាស្កុបពី មិនចាំពណ៌ មិនចាំផ្លាកលេខម្នាក់ឯង ហើយដាក់កាបូបប្រាក់ក្នុងប្រអប់ក្បាំងម៉ូតូខាងមុខ បានសម្រេច ហើយក៏នាំគ្នាជិះគេចខ្លួន ចំណែកបក្ខពួកផ្សេងទៀត ជិះម៉ូតូបិទគូទពីក្រោយនាំគ្នាគេចខ្លួនបាត់អស់ ។

បច្ចុប្បន្នជនសង្ស័យខាងលើ ការិយាល័យព្រហ្មទណ្ឌកំរិតស្រាល កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី ៕

មតិយោបល់