ពោធិ៍សាត់ៈ យោងតាមផេករបស់អគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា បុរសមានជំងឺសរសៃប្រសាទប្រចាំកាយម្នាក់បានធ្វើអត្តឃាតចងកនៅលើដើមធ្លកមានកំពស់០២,៣០ម៉ែត្រដោយប្រើខ្សែលីឡុងពណ៌សស្ថិតនៅចំណុចទួលខ្មោចភូមិអន្សក្តាមឃុំស្នាអន្សាស្រុកក្រគរខេត្តពោធិ៍សាត់នៅខាងលិចផ្ទះមានចម្ងាយប្រមាណ២៥០ម៉ែត្រកាលពីវេលាម៉ោង១០និង៣០នាទី ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១។
តាមប្រភពដែលត្រូវជាសាច់ញាតិនៃជនរងគ្រោះបានប្រាប់អោយដឹងថាជនរងគ្រោះមានឈ្មោះម៉ិល ឆើត អាយុ៣៨ឆ្នាំ ជាបុរសពោះម៉ាយសព្វ ថ្ងៃមកស្នាក់នៅជាមួយប្អូនស្រីបង្កើតអស់រយៈពេល០៦ខែមកហើយទើបមកដល់ថ្ងៃកើតក៏បាត់ជនរងគ្រោះមិនដឹងទៅណាស្រាប់តែប្រទះឃើញចងកស្លាប់នៅនឹងដើមធ្លកក៏មានការភ្ញាក់ផ្អើលហើយក៏រាយការណ៍ជូនសមត្ថកិច្ចមកធ្វើការពិនិត្យកន្លែងកើតហេតុ។ប្រភពបានបញ្ជាក់បន្ថែមថាជនរងគ្រោះគឺធ្លាប់មានជំងឺសរសៃប្រសាទយូរណាស់មកហើយ។
លោកវរសេនីយ៍ទោជួនពិសិដ្ឋអធិការរងនៃអធិការដ្ឋាននគរបាលស្រុកក្រគរបានបញ្ជាក់អោយដឹងថាក្រោយការពិនិត្យនិងការធ្វើកោសល្យវិច្ឆ័យរបស់គ្រូពេទ្យនឹងសមត្ថកិច្ចជំនាញឃើញថានៅកន្លែងកើតហេតុនឹងសាកសពជនរងគ្រោះគឺពុំមានស្លាកស្នាមអ្វីគួរអោយសង្ស័យហើយគ្រូពេទ្យជំនាញបានសន្និដ្ឋានថាជនរងគ្រោះពិតជាបានស្លាប់បណ្តាលមកពីចងកធ្វើអត្តឃាតខ្លួនឯងប្រាកដមែន។
លោកអធិការរងបានបន្តថាក្រោយធ្វើការពិនិត្យសាកសពរួចសមត្ថកិច្ចបានប្រគល់សាកសពជនរងគ្រោះជូនទៅក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់