ព្រៃវែង: លោក ម៉ុត ប៉ោ អាយុ៣ ៨ឆ្នាំ រស់នៅភូមិគោកច្រេស ឃុំអង្គរស ស្រុកមេសាង ត្រូវបានក្រុមគ្រួសារ និងសមត្ថកិច្ចចាប់ដាក់ខ្នោះ ដៃជើង នៅក្នុងផ្ទះអស់រយៈពេល១៨ខែ ដោយចោទប្រកាន់ថា រូបលោកមានមនុស្សវិកលចរិត។
នៅព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៦ លោក វេជ្ជបណ្ឌិត សេង បញ្ញាឬទ្ធិ ប្រធានមន្ទីរសុខាភិបាលខេត្តព្រៃវែង បានបញ្ជាក់ថា លោក ម៉ុត ប៉ោ អាយុ៣៨ឆ្នាំ រស់នៅភូមិគោកច្រេស ឃុំអង្គរស ស្រុកមេសាង ត្រូវបានក្រុមគ្រួសារ និងសមត្ថកិច្ចចាប់ដាក់ខ្នោះ ដៃ ជើង នៅក្នុងផ្ទះអស់រយៈពេល១៨ខែ ហើយត្រូវបានបណ្តាញសង្គមហ្វេសបុកបានបង្ហោះ និងបានដោយការយកចិត្តទុកដាក់ពីឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាលនោះ បានឲ្យរូបលោកយករថយន្តពេទ្យទៅយកមកព្យាបាលនោះ នៅមន្ទីរពេទ្យបង្អែកខេត្តព្រៃវែង នៅយប់ថ្ងៃទី០៦ ខែមេសា ឆ្នាំ២០១៦ វេលាម៉ោង១០:៣០នាទី។
លោក វេជ្ជបណ្ឌិត បានបន្តថា បន្ទាប់ពីបានព្យាបាលដោយការយកចិត្តទុកដាក់ និងទទួលបានការទំនុកបំរុងពីក្រុមគ្រូពេទ្យនោះ លោកម៉ុត ប៉ោ បានជាសះស្បើយហើយ ពាក្យដែលគាត់បាននិយាយគ្រប់មាត់មិនមានខុសអ្វីទាំងអស់។
លោក ម៉ុត ប៉ោ បានធ្វើការថ្លែងអំណគុណចំពោះក្រុមគ្រូពេទ្យ នៃមន្ទីរពេទ្យបង្អែក ខេត្តព្រៃវែងទាំងអស់ ដែលបានពិនិត្យព្យាបាល ថែទាំ និងឧបត្តម នូវសម្ភារៈ និងថវិកាដល់រូបលោក ក្នុងពេលមកសម្រាកព្យាបាល លោក បានធ្វើការអំពាវនាវ ដល់ប្រជាពលរដ្ឋ និងអាជ្ញាធរ មូលដ្ឋានទាំងអស់ ដែលមានជម្ងឺវិកលចរិតដូចលោក ត្រូវនាំមកព្យាបាលនៅមន្ទីរពេទ្យខេត្តព្រៃវែង ឲ្យបានទាន់ពេលវេលា មិនត្រូវឃុំខ្លួនដាក់ខ្នោះដៃ ខ្នោះជើងដូចរូបលោកនោះទេ បណ្តាលឲ្យខូចអនាគត។
លោក ម៉ុត ប៉ោ បន្តថារូបលោកបានជាហើយ សូមឲ្យបងប្អូនទាំងអស់កំរើសអើងចំពោះរូបលោកបន្តទៀត ។
លោក វេជ្ជបណ្ឌិត បានអំពាវនាវដល់បងប្អូន ក្រុមគ្រួសារ អាជ្ញាធរមូលដ្ឋានទាំងអស់ បើមានប្រជាពលរដ្ឋណាមានជម្ងឺផ្លូវចិត្ត សូមទំនាក់ទំនងមកមន្ទីរពេទ្យខេត្ត ដើម្បីឲ្យមន្រ្តីយករថយន្តទៅដឹកមកព្យាបាលនៅមន្ទីរពេទ្យ ឲ្យបានទាន់ពេលវេលា ហើយដោយពុំមានគិតសេវាអ្វីនោះទេ រហូតជាសះស្បើយវិលត្រឡប់ទៅផ្ទះប្រកបមុខរបចិញ្ចឹមជីវិតឡើងវិញ។ សូមកុំចាប់ដាក់ខ្នោះដៃ ជើងបង្ខាំងទុកដូចលោក ម៉ុត ប៉ោ ឲ្យសោះ ពីព្រោះជម្ងឺទាំងអស់ សុទ្ធតែមានពេទ្យឯកទេសគ្រប់គ្រាន់សម្រាប់ពិនិត្យ និងព្យាបាលទាំងអស់ជូនដល់បងប្អូន។
លោក វេជ្ជបណ្ឌិត បានឧបត្ថមនូវសំលៀកបំពាក់ និងថវិកា១១០ដុល្លា ជូនលោក ម៉ុត ប៉ោផងដែរ៕
មតិយោបល់