កណ្ដាលៈ នៅថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង១០ និង ០០នាទី បុរសម្នាក់ ត្រូវសមត្ថកិច្ចធ្វើការឃាត់ខ្លួន ពាក់ព័ន្ធករណីក្លែងបន្លំឯកសណ្ឋាននគរបាល បើកម៉ូតូពាក់មួកប៉ូលីស នៅត្រង់ចំណុចលើកំពង់ចម្លង ព្រែកតូច បារ៉ែនក្រោម ស្ថិតក្នុងភូមិព្រែករុនក្រោម ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្ដាល ។
ជនសង្ស័យខាងលើឈ្មោះ ភន សុភា ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាងដែក មានទីលំនៅភូមិបារ៉ែនក្រោម ឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្ដាល ។
វត្ថុតាងចាប់យករួមមាន៖
១. មួកប៉ូលីស ចំនួន ០១
២. ម៉ូតូ ចំនួន ០១គ្រឿង ម៉ាក FTR ពណ៌ខ្មៅ ពាក់ផ្លាកលេខៈ ភ្នំពេញ 1AN.7432
៣. មាន់ឈ្មោល ចំនួន ០២ក្បាល
៤. កន្ត្រកមាន់ ចំនួន ០២ ។
សភាពរឿងហេតុ៖ នៅថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង ០៧ និង ០០នាទីព្រឹក ឈ្មោះ ភន សុភា បានទិញមាន់ឈ្មោលចំនួន ០២ក្បាល (មាន់ដែលគេជល់ចាញ់មានរបួស) ក្នុងគោលបំណងយកទៅបង្កាត់ពូជ ដោយគ្មានចេតនាយកទៅជល់ភ្នាល់ដាក់លុយនោះទេ ។ បន្ទាប់ពីបានទិញរួចនៅវេលាម៉ោង ១០ និង ០០នាទី ថ្ងៃខែឆ្នាំដដែល ខ្លួនក៏បានយកកន្ត្រក មកដាក់មាន់ខាងលើ រួចជិះម៉ូតូឌុបប្អូនរបស់ខ្លួន អោយជួយកាន់កន្ត្រកដែលដាក់មាន់០២ក្បាល ខាងលើយកទៅទុកនៅផ្ទះ ។ នៅពេលដែលជិះម៉ូតូមកដល់ចំណុចកើតហេតុ នៅលើកំពង់ចម្លង ខណៈកំពុងជិះទូកឆ្លងទន្លេ ក៏ត្រូវបានគេថតរូបភាព បានបង្ហាញពីរូបពាក់មួកប៉ូលីសជិះម៉ូតូស្ពាយមាន់ជល់តែម្ដង ។
រហូតដល់ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២១ ក៏ត្រូវបានសមត្ថកិច្ចធ្វើការកោះហៅឈ្មោះ ភន សុភា មកធ្វើការសាកសួរ ។
នៅចំពោះមុខសមត្ថកិច្ចនគរបាលឈ្មោះ ភន សុភា បានឆ្លើយសារភាពថា ខ្លួនពិតជាបានពាក់មួកប៉ូលីស ហើយជិះម៉ូតូស្ពាយមាន់ពិតប្រាកដមែន ៕
មតិយោបល់