ព័ត៌មានជាតិ

មន្ត្រីជំនាញរកឃើញ ភេសជ្ជៈប៉ូវកម្លាំង ដំណាប់ខ្នុរ នំធុង ខូចគុណភាព និងហួសកាលបរិច្ឆេទប្រើប្រាស់

បន្ទាយមានជ័យ: យោងតាមផេក អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ បានឲ្យដឹងថា នៅថ្ងៃសៅរ៍ ៣កើត ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២១ មន្ត្រីជំនាញសាខា ក.ប.ប. ខេត្តបន្ទាយមានជ័យ សហការជាមួយមន្ត្រីមន្ទីរពាណិជ្ជកម្មខេត្ត និងអាជ្ញាធរដែនដី បានចុះត្រួតពិនិត្យទំនិញ និងដកយកគំរូវិភាគប្រភេទស្រាស និងស្រាថ្នាំ ចំនួន៦គំរូ នៅតាមបណ្តាគេហដ្ឋាន និងហាងលក់ទំនិញក្នុង សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

ជាលទ្ធផល មន្ត្រីជំនាញបានរកឃើញទំនិញខូចគុណភាព និងហួសកាលបរិច្ឆេទប្រើប្រាស់ សរុបចំនួន ៣២.៣គីឡូក្រាម រួមមាន៖
-ភេសជ្ជ:ប៉ូវកម្លាំង ចំនួន ១៦កំប៉ុង ស្មើ ៥.២៨គីឡូក្រាម
-ភេសជ្ជ:ប៉ូវកម្លាំង ចំនួន ២២កំប៉ុង ស្មើ ៥.៥គីឡូក្រាម
-នំចំនួន ៤កញ្ចប់ ស្មើ ០.២២៤គីឡូក្រាម
-ដំណាប់ខ្នុរ ចំនួន ៩៣កញ្ចប់ ស្មើ ៩.៣គីឡូក្រាម
-នំធុង ចំនួន ៩គីឡូក្រាម
-នំស្រួយបំពងខ្លាញ់ ចំនួន ៣គីឡូក្រាម ។

បន្ទាប់មកមន្ត្រីជំនាញ បានធ្វើកំណត់ហេតុដកហូតយកទៅរក្សាទុក ដើម្បីដោះស្រាយតាមនីតិវិធី ។ ចំណែកគំរូវិភាគស្រាស និងស្រាថ្នាំ ចំនួន ៦គំរូ ដែលធ្វើតេស្តវិភាគនៅមន្ទីរពិសោធន៍ខា្នតតូចខេត្តបន្ទាយមានជ័យ ពុំមានរកឃើញសារធាតុមេតាណុល ដែលបណ្តាលឲ្យប៉ះពាល់ដល់សុខភាព និងអាចបណ្តាលឲ្យបាត់បង់ អាយុជីវិតអ្នកទទួលទានឡើយ ៕

មតិយោបល់