ព័ត៌មានជាតិ

ឡិចស៊ីស RX330 បត់ឆ្លងផ្លូវ ត្រូវរថយន្ត PRADO បើកមកពីក្រោយ ជាន់ហ្វ្រាំងមិនជាប់ បុកពេញទំហឹង បណ្តាលឲ្យរងការខូចខាតទាំងសងខាង

ភ្នំពេញ: ករណីគ្រោះថ្នាក់ចរាចរណ៍មួយ ដែលបង្កឡើងរវាងរថយន្ត ២គ្រឿងបុកបន្តគ្នា រងការខូចខាតទាំងសងខាង បង្កការភ្ញាក់ផ្អើល កាលពីវេលាម៉ោង១១និង០០ នាទីព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី ក្នុងភូមិព្រៃជីសាក់ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មាននៅទីតាំងកន្លែងកើតហេតុ បានឲ្យដឹងថា មុនដំបូងគេបានឃើញរថយន្តឡិចស៊ីស RX 330 មួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 2AW-0177 បើកបរក្នុងទិសដៅពីជើងទៅត្បូង រហូតមកដល់ចំណុចកើតហេតុ បានស៊ីញ៉ូឆ្វេង ដើម្បីបត់ត្រឡប់ក្រោយ ស្របពេលនោះក៏មានរថយន្តឡង់គ្រីស័រប្រាដូ មួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 2H-1888 មកពីក្រោយបានបុកយ៉ាងពេញទំហឹង រងការខូចខាតទាំងសងខាង ។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានចុះដល់ទីតាំងកន្លែងកើតហេតុ និងយករថយន្តទាំងសងខាង ដាក់អែបកៀន និងរាយការណ៍ទៅផ្នែកជំនាញចរាចរណ៍ នៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ចុះវាស់វែងយកទៅរក្សាទុក ដើម្បីដោះស្រាយគ្នានៅពេលក្រោយ ៕

មតិយោបល់