កណ្ដាលៈ យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា ថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង ០៤ និង ០០នាទី មានករណីអំពើលួច (កូនដូង) នៅចំណុចភូមិព្រែកប៉ាង ឃុំកោះខែល ស្រុកស្អាង ខេត្តកណ្ដាល ។
ជនរងគ្រោះឈ្មោះ ខ្លង លីហូវ ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ មានទីលំនៅភូមិព្រែកប៉ាង ឃុំកោះខែល ស្រុកស្អាង ខេត្តកណ្ដាល ។ ជនសង្ស័យ (ឃាត់ខ្លួន)ឈ្មោះ អឿន ហ៊ ហៅ លី ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិរកា ឃុំស្នោ ស្រុកព្រៃកប្បាស ខេត្តតាកែវ ។
វត្ថុតាងចាប់យករួមមាន៖ ១. ម៉ូតូសណ្ដោងរ៉ឺម៉ក ០១គ្រឿង ម៉ាក សង់កូរ៉េ គ្មានផ្លាកលេខ។ ២. កូនដូង ចំនួន ០៦ដើម ។
កន្លងមកប្រជាពលរដ្ឋនៅក្នុងភូមិព្រែកប៉ាង ឃុំកោះខែល ស្រុកស្អាង ខេត្តកណ្ដាល តែងតែបាត់កូនដូង ដែលបានដាក់លក់ នៅមុខផ្ទះជាញឹកញាប់ ។ នៅថ្ងៃទី ខែ ឆ្នាំ វេលាម៉ោងកើតហេតុខាងលើ ជនរងគ្រោះកំពុងតែដេកនៅក្នុងតូបលក់អីវ៉ាន់របស់ខ្លួន ពេលនោះជនរងគ្រោះក៏បានឮសំឡេងឆ្កែព្រុស និងសំឡេងម៉ូតូបើកចេញពីក្នុងតូបលក់អីវ៉ាន់របស់ខ្លួន ភ្លាមនោះជនរងគ្រោះ បានចេញមកមើលអីវ៉ាន់របស់ខ្លួន ស្រាប់តែបាត់កូនដូងដែលដាក់លក់នៅមុខតូបចំនួន០៦ដើម ដោយមានការសង្ស័យ រ៉ឺម៉កជនសង្ស័យ ភ្លាមនោះជនរងគ្រោះក៏បានជិះកង់តាមពីក្រោយ ។
លុះមកដល់ចំណុចព្រំប្រទល់ឃុំកោះខែល និងឃុំព្រែកអំបិល ក៏ឃើញស្គាល់ជាកូនដូងរបស់ខ្លួន នៅលើរ៉ឺម៉ករបស់ជនសង្ស័យ ក៏ស្រែកអោយជនសង្ស័យឈប់ ខណៈនោះជនសង្ស័យបានឃើញជនរងគ្រោះ ក៏បានឈប់រ៉ឺម៉កហើយរត់គេចខ្លួន តែត្រូវបានជនរងគ្រោះឃាត់ខ្លួនបាន រួចក៏បានតេទូរស័ព្ទ ប្ដឹងទៅសមត្ថកិច្ចនគរបាលប៉ុស្តិ៍ខែល រួចប្រគល់អោយសមត្ថកិច្ច ដើម្បីចាត់ការតាមនីតិវិធី ៕
មតិយោបល់