ភ្នំពេញៈ ករណីគ្រោះថ្នាក់ចរាចរណ៍ រថយន្តTUNDRA របស់ជនជាតិចិន ១គ្រឿង និងរថយន្តធុនធំដឹកអង្ករ បានកៀរគ្នា បណ្តាលឲ្យរងការខូចខាត។
ហេតុការណ៍នេះ កើតទ្បើងវេលាម៉ោង ៥និង៣០នាទីទៀបភ្លឺ ឈានថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២០ ត្រង់ចំណុចខាងមុខសាលាបឋមសិក្សាសន្ធរម៉ុក តាមបណ្ដោយផ្លូវម៉ៅសេទុង ស្ថិតក្នុងសង្កាត់ទឹកថ្លាទី១ ខណ្ឌទួលគោក។
ដំណើររឿង៖ នៅមុនកើតហេតុ គេឃើញបុរស២នាក់ បើករថយន្តធុនធំ១គ្រឿង ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស្ករ ជារថយន្ត៥ភ្លៅដឹកអង្ករ ពាក់ផ្លាកលេខ ព្រះសីហនុ 3A-3870 ធ្វើដំណើរចេញមកពីខេត្តបាត់ដំបង បំណងទៅព្រែកហូរ ដោយធ្វើដំណើរពីជើងទៅត្បូង តាមបណ្ដោយផ្លូវម៉ៅសេទុង ។ ពេលនោះ ក៏មានរថយន្ត១គ្រឿងម៉ាក TUNDRA ពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខ ភ្នំពេញ 2BE-5918 បើកបរដោយបុរសជនជាតិចិនម្នាក់ ក្នុងទិសដៅស្របគ្នា។
លុះមកដល់ចំណុចកើតហេតុ រថយន្តទាំងពីរគ្រឿង បានព្យាយាមបើកវ៉ាជែងគ្នា មិនប្រយ័ត្នក៏ជ្រុលចង្កូតកៀរគ្នា បណ្ដាលឲ្យរថយន្តTUNDRA រងការខូចខាត បាក់កញ្ចក់មើលក្រោយ និងក្រពឹតទ្វារខាងមុខ ចំហៀងខាងឆ្វេងយ៉ាងដំណំ។ ចំណែកឯរថយន្តធុនធំដឹកអង្ករ បានខូចខាតផ្នែកខាងមុខ ចំហៀងខាងស្តាំ ប៉ុន្តែសំណាងល្អ ក្នុងហេតុការណ៍នេះ មិនបណ្ដាលឲ្យមាននរណាម្នាក់ រងរបួសទ្បើយ។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាន និងជំនាញចរាចរណ៍ខណ្ឌទួលគោក បានចុះមកជួយអន្តរាគមន៍ ហើយឲ្យភាគីទាំងសងខាងចរចាដោះស្រាយគ្នា ដោយខាងរថយន្តដឹកអង្ករ ព្រមចេញសំណងចំនួន៤០០ដុល្លារ ឲ្យទៅភាគីខាងរថយន្តTUNDRA ដើម្បីបញ្ចប់រឿងនៅនឹងកន្លែង៕
មតិយោបល់