ព័ត៌មានជាតិ

ស្លាប់ភ្លាមៗនិងមនុស្ស៤នាក់ទៀតបានរងរបួសធ្ងន់ស្រាល ករណីចរាចរណ៍នៅខេត្តកំពង់ស្ពឺ

កំពង់ស្ពឺ: យោងតាមផេករបស់អគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា មន្ត្រីនគរបាលខេត្តកំពង់ស្ពឺ បានឲ្យដឹងថាមនុស្សម្នាក់បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ និងមនុស្សចំនួន៤នាក់ទៀតបានរងរបួសធ្ងន់ស្រាល ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង១៣នឹង២០នាទី នៅលើផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រលេខ៤៩-៥០ ត្រង់ចំណុចភូមិភ្នំដីសង្កាត់ច្បារមន ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។

មន្ត្រីនគរបាលដដែលបន្តថា មុនពេលកើតហេតុមាន ម៉ូតូ០១គ្រឿងពាក់ស្លាកលេខភ្នំពេញ1IG-3145បើកពីលិចទៅកើតជិះគ្នា០៣នាក់: ទី១-អ្នកបើកបរឈ្មោះ ស្រេង តែកាង ភេទប្រុស អាយុ២០ឆ្នាំ រស់នៅភូមិឫស្សីសាញ់ ឃុំឬស្សីសាញ់ ស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង (ស្លាប់នៅកន្លែងកើតហេតុ), ទី២-ឈ្មោះ នីតា ភេទស្រី អាយុ១៨ឆ្នាំ (របួសធ្ងន់) មិនស្គាល់អាស័យដ្ឋាន, ទី៣-ឈ្មោះស៊ន សុភី ភេទស្រីអាយុ១៩ឆ្នាំ រស់នៅភូមិសិរីសាមគ្គីខាងជើង ឃុំស្រឡៅ ស្រុកតាំងគោក ខេត្តកំពង់ធំ (របួសស្រាល)។ ពេលបើកមកដល់ចំណុចខាងលើបានប៉ះនិងរថយន្តមួយគ្រឿងមិនស្គាល់ម៉ាកបើកពីលិចទៅកើតពេលនោះអ្នកបើកបរម៉ូតូនិងអ្នករួមដំណើរក៏បានធ្លាក់ពីលើម៉ូតូដួលនៅកន្លែងកើតហេតុបណ្តាលឲ្យរថយន្តខាងលើបានបើកកិនអ្នកបើកបរម៉ូតូស្លាប់នៅកន្លែងកើតហើយម៉ូតូបានខ្ទាតទៅប៉ះម៉ូតូ០១គ្រឿងម៉ាកសង់០១៩ពាក់ស្លាកលេខកំពង់ធំ 1L-8864បើកពីលិចទៅកើតបើកស្របទិសគ្នាជិះគ្នា០២នាក់ ទី១-អ្នកបើកបរឈ្មោះកង សុខអ៊ី ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិសិរីសាមគ្គីខាងជើង ឃុំស្រឡៅ ស្រុកតាំងគោក ខេត្តកំពង់ធំ (របួសស្រាល), ទី២-ឈ្មោះ សៀង ស្រីនឹក ភេទស្រី អាយុ១៨ឆ្នាំ រស់នៅភូមិសម៉ក្រោម ឃុំខ្វាវ ស្រុកទ្រាំង ខេត្តតាកែវ (របួសស្រាល) ដែលត្រូវជាមិត្តភិត្តនឹងគ្នា (ក្រោយពេលកើតហេតុរថយន្តបានបើករត់ទៅទិសខាងកើតបាត់)។

ករណីខាងលើនេះបណ្តាលឲ្យ គ្រោះថ្នាក់មនុស្ស និងខូចខាតសម្ភារ៖ ស្លាប់០១នាក់ប្រុស (អ្នកបើកបរម៉ូតូ) នៅកន្លែងកើតហេតុ។ របួសធ្ងន់ចំនួន០១នាក់ស្រី និងរបួសស្រាលចំនួន០៣នាក់ ប្រុស០១នាក់,ខូចខាតម៉ូតូស្រាលចំនួន០២គ្រឿង។ ចំពោះសាកសពបានប្រគល់ទៅឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។ វត្ថុតាងបានប្រគល់ឲ្យចរាចរណ៍ខេត្តកំពង់ស្ពឺដើម្បីដោះស្រាយតាមនិតិវិធី ៕

 

មតិយោបល់