រថយន្តបែនដឹកខ្សាច់បើកឆ្លងផ្លូវ ជ្រុលទៅបុករថយន្តស៊េរីទំនើប បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ

ភ្នំពេញ: ​នៅវេលាម៉ោង ១០និង៣០នាទីយប់ ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២១ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងរថយន្ត ស្ថិតទល់មុខបុរីប៉េងហួតផ្លូវ៦០ម៉ែត្រ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញបុរសម្នាក់ បានបើករថយន្តស៊េរីទំនើបម៉ាក FOTERNER ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2AM-1199 បានធ្វើដំណើរតាមបណ្ដោយផ្លូវ៦០ម៉ែត្រ ក្នុងទិសដៅពីជើងទៅត្បូងក្នុងល្បឿនគួរសម លុះមកដល់ចំណុចកើតហេតុ ក៏ស្រាប់តែបុរសម្នាក់ទៀតបានបើករថយន្តប្រភេទបែនដឹកខ្សាច់ម៉ាក DAEWOO ពណ៌ឈាមជ្រូក ពាក់ស្លាកលេខ ពោធិ៍សាត់ 3A-1140 ចេញពីការដ្ឋានឆ្លងផ្លូវ៦០ម៉ែត្រ បញ្ឆិតបន្តិចក៏ជ្រុលទៅបុក និងរថយន្ត FOTERNER ចំផ្នែកខាងមុខ បណ្តាលឲ្យរងការខូចខាតខ្ទេចយ៉ាងធ្ងន់ធ្ងរ តែសំណាងល្អមិនគ្រោះថ្នាក់ដល់អ្នកអ្នកជិះក្នុងរថយន្ត។
ដោយឡែករថយន្តបែនដឹកខ្សាច់វិញរងការខូចខាតផែ្នកខាងមុខចំហៀងឆ្វេងហើយភ្លាមៗនោះដែរ អ្នកបើកបររថយន្តបានបើករថយន្តរយ៉ែរថយក្រោយចូលទៅក្នុងការដ្ឋានវិញ បានប្រហែល៥០ម៉ែត្រ ក៏ទុករថយន្តចោលហើយគេចខ្លួនបាត់។

ក្នុងហេតុការណ៍នេះដែរបន្តិចក្រោយមកឃើញមានសមត្ថកិច្ចមូលដ្ឋាន ក៏ដូចជាជំនាញចរាចរណ៍ បានចុះទៅដល់ស្រាប់តែមានតំណាងខាងរថយន្តដឹកខ្សាច់ ចេញមកសម្របសម្រួលគ្នាជាមួយ និងរថយន្តFOTERNERផងដែរ។

ក្រោយពេលកើតហេតុតំណាងរថយន្ដដឹកខ្សាច់បានសុខចិត្តយករថយន្តរងគ្រោះ FOTERNER ទៅជួសជុលឲ្យវិញដើម្បីបញ្ចប់រឿង៕

មតិយោបល់