ព័ត៌មានជាតិ

បុរសម្នាក់ ជាសន្តិសុខយាមនៅធនាគារហត្ថា ដេកស្លាប់នៅលើអង្រឹង នៅខេត្តសៀមរាប

សៀមរាប: នៅវេលាម៉ោង០៦ និង00នាទីព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១ មានករណីសន្តិសុខដេកស្លាប់ ត្រង់ចំណុចប៉ុស្តិ៍យាមទីតាំងធនាគារហត្ថា ស្ថិតនៅក្រុមទី២៥ ភូមិគោកថ្មី ឃុំពួក ស្រុកពួក ខេត្តសៀមរាប ។

សពជនរងគ្រោះឈ្មោះ សេង ខុន ភេទប្រុស អាយុ៥២ឆ្នាំ ជាសន្តិសុខក្រុមហ៊ុនឯកជន រស់នៅភូមិទួលរវៀង ឃុំល្វា ស្រុកពួក ខេត្តសៀមរាប ។

ប្រភពព័ត៌មានពីក្រុមគ្រួសារ និងសន្តិសុខរួមការងារ បានឲ្យដឹងថា ជនរងគ្រោះគ្មានជំងឺអ្វីនោះទេ គ្រាន់តែគាត់ចេះហូបស្រា និងជក់បារី ។ ជាក់ស្ដែងនៅថ្ងៃអាទិត្យទី១៣ ខែមិថុនា ឆ្នាំ២០២១ ជនរងគ្រោះត្រូវវេនយាមនៅទីតាំងធនាគារហត្ថាមួយថ្ងៃពេញ (យាមម្នាក់ឯង) ចូលប៉ុស្តិ៍យាមនៅម៉ោង០៦និង០០នាទីព្រឹក រហូតចប់វេនយាមនៅម៉ោង០៦និង០០នាទីព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១ ដោយបានវេចខ្ចប់បាយមកហូបស្រាប់ ។

លុះចប់វេនយាមនៅវេលាម៉ោង០៦និង០០នាទីព្រឹក ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១ ដោយមិនឃើញជនរងគ្រោះ ក្រោកពីអង្រឹកដេកយាមដូចកន្លងមក ទើបម្ចាស់ផ្ទះជួលអើតមើល ដឹងសង្ស័យដេកស្លាប់ ក៏ផ្អើលឆោរឡោឡើង បានរាយការណ៍ជូននាយកសាខាធនគារហត្ថា និងសមត្ថកិច្ចតែម្ដង ។

បន្ទាប់មកសមត្ថកិច្ចបានចុះទៅពិនិត្យធ្វើកោសល្យវិច្ច័យឃើញថា សពជនរងគ្រោះដេកស្លាប់នៅលើអង្រឹង ក្បាលទៅទិសខាងជើង និងមានទូរស័ព្ទមួយគ្រឿង ដោតឌុយខ្សែសាក នៅលើក្បាលពោះសព ជារួមលើខ្លួនសពគ្មានស្លាកស្នាមអ្វីគួរឲ្យសង្ស័យ ពាក់ព័ន្ធនឹងបទល្មើសព្រហ្មទណ្ឌនោះទេ ។

ករណីខាងលើនេះ បើយោងតាមការពិនិត្យរបស់សមត្ថកិច្ចបញ្ជាក់ មានលោកគ្រូពេទ្យប្រធានមន្ទីរពេទ្យបង្អែកពួក អាចវាយតម្លៃជាបឋមបានថា ជាករណីដេកស្លាប់ បណ្ដាលមកពីអាចកើតជំងឺខ្យល់គ គាំងបេះដូងស្លាប់ ។

ក្រោយពីការពិនិត្យរួច សមត្ថកិច្ចបានប្រគល់សពជនរងគ្រោះជូនទៅក្រុមគ្រួសារ យកធ្វើបុណ្យតាមប្រពៃណី ៕

មតិយោបល់