ព័ត៌មានជាតិ

មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកោះកុង ប្រកាសផ្អាកការធ្វើចរាចរណ៍លើកំណាត់ផ្លូវជាតិលេខ៤៨ ត្រង់គីឡូម៉ែត្រលេខ ១៥៤+៣៥០ ស្រុកមណ្ឌលសីមា

 

 

អាជ្ញាធរ បានសម្រេចឱ្យផ្អាកធ្វើចរាចរណ៍ជាបណ្តោះអាសន្ន លើកំណាត់ផ្លូវជាតិលេខ៤៨ផ្នែកខាងឆ្វេង ត្រង់គីឡូម៉ែត្រ ១៥៤+៣៥០ ស្ថិតក្នុងភូមិនាងកុក ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង ខណ:ត្រង់ចំណុច នេះ បានច្រោះស្រុតដោយជំនន់ ទឹកភ្លៀង។

សេចក្តីជូនដំណឹងរបស់មន្ទីរសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី១៤ ខែមិថុនានេះ បានឱ្យដឹងថា ការចរាចរណ៍ត្រង់ចំណុចនេះ ត្រូវពង្វាងកាត់ទៅផ្លូវខាងស្តាំ(ទិសពីភ្នំពេញ) ចាប់ពីថ្ងៃទី១៤ ខែមិថុនានេះតទៅ ដោយសារផ្នែកខាងឆ្វេង បានរងការខូចខាត ដោយជំនន់ទឹកភ្លៀង និងបានហូរច្រោះស្រុត។

សេចក្តីជូនដំណឹងនេះ ក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋដែលប្រើប្រាស់ផ្លូវនេះ មានការ ប្រុងប្រយ័ត្ន និងយោគយល់អធ្យាស្រ័យ ក៏ដូចជាចូលរួមសហការ ដើម្បីឱ្យដំណើរការជួស ជុលកំណាត់ផ្លូវនេះបានទាន់ពេលវេលា។

ផ្លូវជាតិលេខ៤៨ មានប្រវែងសរុប១៥០គីឡូម៉ែត្រ គិតចាប់ពីផ្លូវបំបែកស្រែអំបិលដល់ទីរួមខេត្តកោះកុង ត្រូវបានស្ថាបនាធ្វើឱ្យល្អប្រសើរឡើងវិញ ពីប្រភេទផ្លូវក្រាលកៅស៊ូពីរស្រទាប់ (DBST)ទៅជាផ្លូវក្រាលបេតុងកៅស៊ូ(AC) និងពង្រីកទទឹងផ្លូវពី១០ម៉ែត្រ ទៅ១១ម៉ែត្រ ដើម្បីបង្កើនសកម្មភាពដឹកជញ្ជូន សំដៅរួមចំណែក លើកកម្ពស់សេដ្ឋកិច្ចជាតិ ក៏ដូចជាសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ក្រោមគម្រោងចំណាយទឹកប្រាក់សរុបជាង៧៥លានដុល្លារអាមេរិក ដែលក្នុងនោះចំនួន៦៧លានដុល្លារ បានមកពីកម្ចីរបស់រដ្ឋាភិបាលកូរ៉េ និងថវិកាបដិភាគរបស់រដ្ឋាភិបាលកម្ពុជាចំនួន៨លានដុល្លារ៕

មតិយោបល់