ព័ត៌មានជាតិ

Update៖ រន្ធត់ណាស់! បុរសម្នាក់បើករថយន្តដឹកស៊ីម៉ងត៍ ស្រាប់តែងោកមួយភាំង បណ្តាលឲ្យបុកស្រ្តីវ័យចំណាស់ម្នាក់កំពុងដើរ បែកក្បាលស្លាប់

ភ្នំពេញ: មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងដ៏រន្ធត់ បុរសម្នាក់បើករថយន្តដឹកស៊ីម៉ងត៍១គ្រឿង ខណ:ងងុយដេក ស្រាប់តែងោកមួយភាំង បណ្តាលឲ្យបុកស្រ្តីវ័យចំណាស់ម្នាក់ កំពុងដើរបែកក្បាលស្លាប់ នៅកន្លែងកើតហេតុ កាលពីវេលាម៉ោង៣ និង១០ នាទីរសៀលថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១ តាមបណ្ដោយផ្លូវបេតុង ក្បែរផ្សារច្រាំងចំរះ ស្ថិតនៅក្នុងសង្កាត់ច្រាំងចំរេះទី២ ខណ្ឌឫស្សីកែវ រាជធាបីភ្នំពេញ ។

នគរបាលបានឲ្យដឹងថា សពជនរងគ្រោះមានឈ្មោះ ង៉ែត សុធារី ភេទស្រី អាយុ៥៩ឆ្នាំ ស្នាក់នៅផ្ទះលេខ១៤៣ ED4z ផ្លូវលេខ១២៨ ភូមិ១ សង្កាត់មនោរម្យ ខណ្ឌ៧មករា រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មាន ពីបងប្អូនប្រជាពលរដ្ឋ បានឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញមានស្រ្តីចំណាស់ម្នាក់ កំពុងដើរតាមផ្លូវបេតុង ក្បែរផ្សារច្រាំងចំរះ ស្រាប់តែមានបុរសម្នាក់បើករថយន្តដឹកស៊ីម៉ងត៍មួយគ្រឿង ពណ៌ត្រេអ៊ី ពាក់ផ្លាកលេខចង្កូតស្ដាំ KPS- 0092 ធ្វើដំណើរស្របទិសដៅគ្នា ដោយតៃកុងរថយន្តងងុយដេក ងោកមួយភាំង ក៏ជ្រុលបុកស្រ្តីចំណាស់ម្នាក់កំពុងដើរ បែកក្បាលស្លាប់ភ្លាមៗតែម្ដង ។

បើតាមបុរសម្នាក់ដែលអះអាយថា ជាប្អូនថ្លៃជនរងគ្រោះឱ្យដឹងថា ស្ត្រីរងគ្រោះមកទីនេះ គឺដើម្បីមកលេងកូនរបស់ស្ត្រីខាងលើ ។

ក្រោយពេលកើតហេតុ តៃកុងរថយន្ត រួមទាំងរថយន្ត ត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួនទៅប៉ុស្តិ៍នគរបាល ដើម្បី បញ្ជូនទៅការិយាល័យចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី ៕

មតិយោបល់