ព័ត៌មានជាតិ

យកទូរស័ព្ទដៃពីភ្ញៀវជនជាតិកូរ៉េ បើកម៉ូតូកង់បីគេចខ្លួន ម្ចាស់ប្តឹងប៉ូលិសរកតាមប្រព័ន្ធ GPS ចាប់ខ្លួនបាន

ភ្នំពេញៈ បុរសជាអ្នករត់ម៉ូតូកង់បីម្នាក់ ត្រូវបានសមត្ថកិច្ចចាប់ខ្លួន បន្ទាប់ពីដឹកភ្ញៀវ ជនជាតិកូរ៉េ ឆ្លៀតឱកាសឃើញស្រវឹង យកទូរស័ព្ទពីដៃ ហើយបើកម៉ូតូគេចខ្លួន កាលពីវេលាម៉ោង២ រំលងអធ្រាត្រ ចូលថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៩ នៅតាមផ្លូវជាតិលេខ៤ ខាងកើតជាប់វត្តកំបូល ភូមិកំបូល សង្កាត់កំបូល ខណ្ឌពោធិ៍សែនជ័យ។

ខណៈដែលជនរងគ្រោះស្វាងស្រា បានទៅប្តឹងសមត្ថកិច្ច នៅប៉ុស្តិ៍ភ្លើងឆេះរទេះ ប៉ូលិសស្រាវជ្រាវ និងសហការជាមួយ ជនរងគ្រោះ ស្វែងរកតាមប្រព័ន្ធGPS ដឹកកន្លែងទូរស័ព្ទ ចាប់ខ្លួនបាន ជនសង្ស័យ ដែលជាអ្នករត់ម៉ូតូកង់បីនោះ កាលពីវេលាម៉ោង២ និង២៥នាទីរសៀលថ្ងៃទី០៣ ខែសីហា ឆ្នាំ២០១៩ គ្រាដែលជនសង្ស័យយកទូរស័ព្ទ ទៅជួលជាងដោះលេខកូដ នៅតូប យ៉ីហោ សោភ័ណ្ឌ ផ្សារចោមចៅ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ ។

ជនសង្ស័យឈ្មោះ ស៊ីម ពៅ ភេទប្រុស អាយុ៥៣ឆ្នាំ មុខរបរ រត់ម៉ូតូកង់បី មានទីលំនៅភូមិ ភ្លើងឆេះរទេះលិច សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល សមត្ថកិច្ចដកហូតបានទូរស័ព្ទ សាំសុង ណូត៩ ជារបស់ជនរងគ្រោះមកវិញ ។

ជនរងគ្រោះជាបុរសជនជាតិកូរ៉េ បានឲ្យដឹងតាមរយៈ អ្នកបកប្រែថា កាលពីយប់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៩ បានទៅចូលរួមផឹកស៊ីជាមួយមិត្តភ័ក្រ នៅមុខព្រលានយន្តហោះពោធិចិនតុង ភូមិក្បាលដំរី២ សង្កាត់កាកាប២ លុះដល់វេលាម៉ោង២រំលងអធ្រាត្រ ស្រវឹងផង ក៏បានហៅម៉ូតូកង់បី បុរសខាងលើជិះ ទៅម្តុំភូមិភូមិអង្គ សង្កាត់ចោមចៅ៣ ដោយសារស្រវឹង មើលច្រកចូលមិនឃើញ ម៉ូតូកង់បីដឹក រហូតដល់ ខាងកើតជាប់វត្តកំបូល ហើយដេញឲ្យចុះពីលើកង់បី និងទាមទារលុយ ដៃម្ខាងកាន់ទូរស័ព្ទ ដៃម្ខាងលូកហោប៉ាវរកលុយ មិនទាន់ឲ្យលុយថ្លៃឈ្នួលផង បុរសជាអ្នកបើកម៉ូតូកង់បី ចាប់ទាញយកទូរស័ព្ទ សាំសុង ណូត៩ ពីដៃហើយបើកចាកចេញទៅបាត់ ។

ក្រោយពីម៉ូតូកង់បី បើកគេចទៅបាត់ យកទាំងទូរស័ព្ទទៅទៀត ខ្លួនបានដើរ រកផ្លូវទៅផ្ទះ លុះស្វាងរកសញ្ញាGPS ទូរស័ព្ទមិនទាន់ឃើញ ស្រាប់តែនៅរសៀលថ្ងៃទី០៣ ខែសីហា នេះឆែករកមើល ស្រាប់តែឃើះសញ្ញា GPS លោតនៅតាមផ្លូវជាតិលេខ៣ ក៏ទៅប្តឹងប៉ូលិសប៉ុស្តិ៍ភ្លើងឆេះរទេះឲ្យជួយអន្តរាគមន៍ តាមស្វែងរក និងសហការជាមួយប៉ូលិសប៉ុស្តិ៍ចោមចៅ៣ ទៅតាមសញ្ញាចង្អុលបង្ហាញ ទីតាំងទូរស័ព្ទ សមត្ថកិច្ច ឈានដល់ឃាត់ខ្លួន ជនសង្ស័យ ជាអ្នកបើកបរម៉ូតូកង់បី ម្នាក់ខាងលើតែម្តង នៅកន្លែងជាងជួសជុលទូរស័ព្ទ ផ្សារចោមចៅ រួចនាំទៅចង្អុលបង្ហាញកន្លែងដែល ដាក់ទម្លាក់ជនរងគ្រោះចោល និងយកទូរស័ព្ទរត់ ហើយនាំខ្លួនប្រគល់ឲ្យប៉ុស្តិ៍កំបូលកសាងសំណុណរឿង តាមបណ្តឹងជនរងគ្រោះ ។

តាមបុរសម្នាក់ជាជាងជួសជុលទូរស័ព្ទបានឲ្យដឹងថា នៅវេលាម៉ោងខាងលើ បុរសរូបនេះ កាន់ទូរស័ព្ទសាំសុង ណូត៩ មកឲ្យគាត់ដោះលេខកូដ ទើបតែសួរនាំ មិនទាន់ទាំងបានធ្វើអីផង ស្រាប់តែ ម្ចាស់ទូរស័ព្ទ និងប៉ូលិស មកចាប់ខ្លួនបុរសខាងលើល្មម គាត់ក៏មិនដឹងថា មានរឿងអ្វីដែរ ។

ជនសង្ស័យត្រូវបានឃាត់ខ្លួន យកម​កសួរនៅប៉ុស្តិ៍កំបូល តាមបណ្តឹងរបស់ជនរងគ្រោះ ដើម្បីកសាងសំណុំរឿង បញ្ជូនទៅផ្នែកជំនាញ អធិការដ្ឋានបន្តតាមនីតិវិធី៕

មតិយោបល់