ព័ត៌មានជាតិ

សមត្ថកិចច្ចឃាត់ខ្លួនជនសង្ស័យ ២នាក់ ករណីលួចម៉ូតូយ៉ាងសកម្ម

ភ្នំពេញ: យោងតាមផេករបស់អគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា ក្រោមការដឹកនាំបញ្ជាផ្ទាល់របស់លោកវរសេនីយ៍ឯក ជឹម ស៊ីថា អធិការនគរបាលខណ្ឌដង្កោ កម្លាំងជំនាញ បានឃាត់ខ្លួនជនសង្ស័យចំនួន ២នាក់ ពាក់ព័ន្ធករណីប៉ុនប៉ងលួច (ប្រើដែកជ្រុងចុងសំប៉ែតស្រួចកាច់សោរកម៉ូតូ) នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង១៦នឹង៤០នាទី ត្រង់ចំណុចខាងមុខក្រុមហ៊ុនក្រឡុងស៊ីម៉ង់ត៍ ផ្លូវ៥០ម៉ែត្រ ស្ថិតនៅភូមិពាម សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។

លោកអធិការបានឲ្យដឹងថាជនសង្ស័យទី១-ឈ្មោះ អាន ផ្លូច ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ភូមិជើងឯក សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ និងទី២-ឈ្មោះ ស៊ិន សុខភាព ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួលភូមិទួលពង្រ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ (មានសារធាតុញៀន)។

សមត្ថកិច្ចបានដកហូតវត្ថុតាង៖ ដែកជ្រុងចុងសំប៉ែតស្រួចសម្រាប់កាច់សោរកម៉ូតូចំនួន០២, សោរខ្សៀលេខ៨ចំនួន០២, បណ្ណសម្គាល់យានយន្តចំនួន០៣សន្លឹក (ឈ្មោះ ជុំ រតនា ចំនួន០១សន្លឹក, ឈ្មោះ វី សីលាចំនួន ០១សន្លឹក, ឈ្មោះ ឯម បុល ចំនួន០១សន្លឹក), ផ្លាកលេខម៉ូតូចំនួន០៣ (លេខភ្នំពេញ1HT-0027ចំនួន០១, លេខភ្នំពេញ1GD-2078 ចំនួន០១, លេខភ្នំពេញ1IO-1256 ចំនួន០១) វិទ្យុទាក់ទងម៉ាក Motorola GP300 ចំនួន០១គ្រឿង, ម៉ូតូ០១គ្រឿងម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅស៊េរីឆ្នាំ២០១៩ ពាក់ផ្លាកលេខភ្នំពេញ1HL-0625 មានលេខតួ និងលេខម៉ាស៊ីន5418516 ចំនួន០១គ្រឿង, សម្ភារ:ប្រើប្រាស់គ្រឿងញៀន និងសោរដោះម៉ូតូមួយចំនួន។

លោកវរសេនីយ៍ឯក ជឹម ស៊ីថា បានបន្ថែមថា នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង១៦នឹង៤០នាទី កម្លាំងសមត្ថកិច្ចនគរបាលខណ្ឌដង្កោ បានជិះម៉ូតូល្បាតក្នុងភូមិសាស្ត្រខណ្ឌដង្កោ ដល់ចំណុចផ្លូវចូលក្រុមហ៊ុនក្រឡុងស៊ីម៉ង់ត៍ ផ្លូវបេតុង៥០ម៉ែត្រ ស្ថិតនៅភូមិពាម សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ក៏បានឃើញជនសង្ស័យចំនួន០២នាក់ កំពុងជិះម៉ូតូ០១គ្រឿងម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅស៊េរីឆ្នាំ២០១៩ ពាក់ផ្លាកលេខភ្នំពេញ1HL-0625 មានលេខតួ និងលេខម៉ាស៊ីន5418516 នៅលើផ្លូវ៥០ម៉ែត្រ ដោយមានការសង្ស័យ សមត្ថកិច្ចយើងក៏បានហៅឱ្យឈប់សួរនាំ និងត្រួតពិនិត្យរកឃើញវត្ថុតាងប្រព្រឹត្តបទល្មើសមួយចំនួននៅក្រោមកែបម៉ូតូម៉ាកខាងលើរបស់ជនសង្ស័យ រួចសមត្ថកិច្ចយើងក៏បានឃាត់ខ្លួនជនសង្ស័យទាំង០២នាក់ខាងលើ រួមនឹងវត្ថុតាង យកមកធ្វើការសាក សួរនៅអធិការដ្ឋាននគរបាលខណ្ឌដង្កោតាមនីតិវិធីច្បាប់។ បន្ទាប់មកសមត្ថកិច្ចយើងបាននាំជនសង្ស័យឈ្មោះ អាន ផ្លូច ទៅឆែកបន្ទប់ជួលរបស់គេ ស្ថិតនៅភូមិជើងឯក សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ ហើយសមត្ថកិច្ចយើង ក៏បានរកឃើញវត្ថុតាងពាក់ព័ន្ធបទល្មើសមួយចំនួនទៀត យកមកធ្វើការសាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌដង្កោតាមនីតិវិធីច្បាប់ ៕

 

មតិយោបល់