ព័ត៌មានជាតិ

មុខសញ្ញាចាស់ ធ្លាប់ជាប់ពន្ធនាគារ ចេញមកនៅតែបន្តធ្វើសកម្មភាពបទល្មើសក្នុងមូលដ្ឋានដដែល ត្រូវសមត្ថកិច្ចឃាត់ខ្លួនដាក់បញ្ចូលវិញ

បាត់ដំបងៈ នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង១៥និង ៤០នាទីរសៀល នៅត្រង់ចំណុចក្រុមទី១៨ ភូមិអង្រ្គង ឃុំជ្រៃ ស្រុកមោងឫស្សី ខេត្តបាត់ដំបង អនុវត្តតាមមតិដឹកនាំជា ប្រចាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងកា រដ្ឋាននគរបាលខេត្តបាត់ដំបង រួមទាំងយោបល់របស់លោកវរសេនីយ៍ឯក លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទ័ណ្ឌ លោកវរសេនីយ៍ឯក ស គឹមឡុង អធិការនគរបាលស្រុកមោងឫស្សី បានដឹកនាំកម្លាំងជំនាញព្រហ្មទណ្ឌ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលជ្រៃ ធ្វើការស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យឈ្មោះ ទិត តយ ភេទប្រុស អាយុ៣០ឆ្នាំ រស់នៅភូមិអង្រ្គងឃុំជ្រៃ ស្រុកមោងឫស្សី ខេត្តបាត់ដំបង ក្នុងករណីលួចដោយមាន ស្ថានទម្ងន់ទោស និងដកហូតបានសម្ភារៈភស្តុតាង (ធុងបាស់) ប្រគល់ជូនម្ចាស់វិញ ។

សូមជម្រាបជូនថា កាលពីថ្ងៃ ទី១០ ខែ មិថុនា ឆ្នាំ ២០២១ វេលាម៉ោង ១៣ និង ២០នាទី នៅចំណុចក្រុម ទី០១ ភូមិ អង្គ្រង ឃុំជ្រៃ ស្រុកមោងឫស្សី ខេត្តបាត់ដំបង មានករណីលួចដោយមាន ស្ថានទម្ងន់ទោស មួយបានកើតឡើងបង្កដោយជនសង្ស័យ មិនស្គាល់អត្តសញ្ញាណបានធ្វើសកម្មភាពគាស់ សោផ្ទះបាយនិងសោឃ្លុបក្រោមផ្ទះ ចូលលួចយកធុងបាស់ប្លូធូ ពណ៌ខ្មៅ ចំនួន០១ គ្រឿង ជារបស់ឈ្មោះ ជិន យ៉ុម ភេទស្រី អាយុ ៦៥ឆ្នាំ រស់នៅចំណុចកើតហេតុខាងលើ ក្នុងខណៈដែលជនរងគ្រោះ ចេញទៅក្រៅផ្ទះ ។

ក្រោយករណីនេះកើតឡើង ជនរងគ្រោះបានប្តឹងចូលមកសមត្ថកិច្ចនគរបាល អំពីករណីខាងលើ ហើយឆ្លងតាមរយៈការស្រាវជ្រាវ ស៊ើបអង្កេតសមត្ថកិច្ចកំណត់បានមុខសញ្ញានេះ ទើបឈានដល់ការឃាត់ខ្លួនបានតែម្តង ។

លោកវរសេនីយ៍ឯក ស គឹមឡុង អធិការនគរបាលស្រុកមោងឫស្សី បានឱ្យដឹងថា ជនសង័្សយឈ្មោះ ទិត តយ នេះជាមុខសញ្ញាចាស់ ធ្លាប់ជាប់ពន្ធនាគារពីឆ្នាំ២០១៩ និងត្រូវបានដោះលែងវិញ នៅឆ្នាំ២០២០ កន្លងទៅ តែរូបគេមិនបានកែប្រែខ្លួននោះទេ នៅបន្តសកម្មភាពល្មើសនៅក្នុងមូលដ្ឋានជាបន្តទៀត រហូតសមត្ថកិច្ចឃាត់ខ្លួនបាន ។

នៅពេលនេះជនសង្ស័យខាងលើ ត្រូវកម្លាំងសមត្ថកិច្ចនគរបាល បានរៀបចំសំណុំរឿង បញ្ជូនទៅការិយាល័យជំនាញ ដើម្បីអនុវត្តទៅតាមផ្លូវច្បាប់ ៕

មតិយោបល់