(ភ្នំពេញ)៖ ជាដំណឹងដ៏សោកស្តាយបំផុត សម្រាប់ប្រជាជនខ្មែរ ដែលបានបាត់បង់មរតកមនុស្សរស់មួយរូបទៀត ដោយទេវនាដនិមិ្មត ឯម ធាយ ដែលលោកបានអនិច្ចកម្ម កាលពីរំលងអាធ្រាត្រថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១ ក្នុងជន្មាយុ ៨៨ឆ្នាំ ដោយជរាពាធ។
លោកស្រី ភឿង សកុណា បានថ្លែងសារក្នុងផេកផ្លូវការថា «កម្ពុជាបានបាត់បង់មរតកមនុស្សរស់មួយរូបទៀតនាថ្ងៃនេះ លោកយាយ ទេវនាដនិម្មិត ឯម ធាយ។ នេះ គឺជាការបាត់បង់ដ៏ធំធេងមួយ ក្នុងវិស័យវប្បធម៌ ទាំងថ្នែក របាំក្បាច់បុរាណ តន្ត្រី ចម្រៀងបុរាណខ្មែរ។ រាងកាយបាត់ទៅ ក្នុងជន្មាយុ ៨៦ឆ្នាំ តែលោកយាយបានបន្សល់ទុកនូវស្នាដៃសិល្បះខ្មែរមិនអាចកាត់ថ្លៃបាន សម្រាប់កូនខ្មែរជំនាន់ក្រោយ ដោយចងចាំនូវគុណបំណាច់ជូនជាតិនេះ គ្មានថ្ងៃបំភ្លេចបានឡើយ»។
លោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានថ្លែងសារថា «នាងខ្ញុំសូមក្រាបសំពះ ជូនដំណើរនិងគោរពលាលោកយាយជាលើកចុងក្រោយ ដោយចងចាំមិនភ្លេចទេ នូវអ្វីដែលលោកយាយបានលះបង់ និងបូជាសម្រាប់វប្បធម៌ជាតិ។ សូមវិញ្ញាណខន្ធ័លោកយាយ បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ»។
ការបាត់បង់លោកយាយព្រឹទ្ធាចារ្យសិល្បៈ គឺជាការបាត់បង់មរតកមនុស្សជាតិ ដែលពោរពេញទៅដោយទេពកោសល្យ និងសមត្ថភាព ផ្នែករបាំក្បាច់បុរាណ និងរបាំព្រះរាជទ្រព្យសម្រាប់ជាមរតកជាតិ និងជាគម្រូដល់កូនខ្មែរជំនាន់ក្រោយ។ លោកយាយព្រឹទ្ធាចារ្យគឺជាតួអង្គដ៏សំខាន់មួយនៃការរស់រានឡើងវិញនៃរបាំបូរាណ ក៏ដូចជាវិស័យសិល្បៈខ្មែរ ក្រោយការដួលរលំនៃរបបប្រល័យពូជសាសន៍៕
មតិយោបល់