ព័ត៌មានជាតិ

សង្ស័យមើលមិនឃើញ! រថយន្តកុងតឺន័រ បើកបុកប៉ារាសរថភ្លើង បណ្ដាលឲ្យដួលសង្កត់ប៉ះម៉ូតូមួយគ្រឿង រងការខូចខាត

ភ្នំពេញៈ ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តកុងតឺន័រ បើកបុកប៉ារាសរថភ្លើង និងបណ្ដាលឲ្យដួលសង្កត់ប៉ះម៉ូតូ ១គ្រឿងរងការខូចខាត បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ១និង០០នាទីរសៀល ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១ ស្ថិតតាមបណ្ដោយផ្លូវមហាវិថី ឈ្នះ ឈ្នះ ភូមិចែងម៉ែង សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា នៅមុនពេលកើតហេតុ គេបានឃើញរថយន្តមួយខ្សែ បានធ្វើដំណើរតាមផ្លូវដេក ទិសដៅពីកើតទៅលិច ដោយមានអ្នកបើកបិទប៉ារ៉ាសត្រឹមត្រូវ រហូតពេលដែលរថភ្លើងឆ្លងទើបតែផុតបានបន្តិច ដោយអ្នកកាន់ប៉ារ៉ាសមិនទាន់បានបើកផង ស្រាប់តែមានរថយន្តកុងតឺន័រមួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 3D-0270 ដែលបើកបរក្នុងទិសដៅពីជើងទៅត្បូងមកបុកប៉ារ៉ាស បណ្តាលឲ្យបាក់សង្កត់លើម៉ូតូម៉ាកនិចមួយគ្រឿងទៀត ដែលពាក់ស្លាកលេខ ភ្នំពេញ 1BP-2535 ដួលរងការខូចខាតយ៉ាងដំណំ ចំណែកមនុស្សសំណាងដោយពុំមានអ្នករងរបួស ។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានដល់ទីតាំងកន្លែងកើតហេតុ និងរាយការណ៍បន្តទៅផ្នែកជំនាញ ដើម្បីចុះវាស់វែង និងឲ្យភាគីទាំង៣ធ្វើការសម្របសម្រួលគ្នា ៕

មតិយោបល់