ភ្នំពេញៈ មានករណីអ្នករត់ម៉ូតូកង់៣និងជាឪពុកចុងម្នាក់ ត្រូវបាននារីរងគ្រោះវ័យក្មេងម្នាក់ ជាកូនចុងប្តឹងនគរបាលឱ្យឃាត់ខ្លួន ដោយចោទប្រកាន់ថា បានរំលោភសេពសន្ថវៈមកលើនាងជាច្រើនដងនៅក្នុងបន្ទប់ជួល រយៈពេល ៣ថ្ងៃជាប់ៗគ្នា ។
ហេតុការណ៍នេះបានធ្វើឡើង កាលពីវេលាម៉ោង១១ព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១ នៅត្រង់ចំណុចផ្ទះជួលផ្លូវបេតុងក្រុម១០ ក្នុងភូមិ ឃ្លាំងសាំង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។
ជនសង្ស័យឈ្មោះ ម៉ៅ សាមឿន ភេទប្រុស អាយុ៤២ឆ្នាំ មុខរបរជាអ្នករត់ម៉ូតូកង់បីឥណ្ឌា មានទីលំនៅកន្លែងកើតហេតុ ។ ចំណែក នារីរងគ្រោះដែលត្រូវជាកូនចុងឈ្មោះ ម. ស.ណ អាយុ១៧ឆ្នាំ ។
តាមនគរបាលបានឱ្យដឹងថា ការឃាត់ខ្លួនជនសង្ស័យខាងលើរូបនោះ ធ្វើឡើងតាមពាក្យបណ្តឹង របស់នារីរងគ្រោះនិងស្រ្តីជាម្តាយ ដោយចោទប្រកាន់ថា បានចាប់រំលោភសេពសន្ថវៈនាងបានសម្រេចជាច្រើនដង ក្នុងរយៈពេល៣ថ្ងៃជាប់គ្នា ។
តាមព័ត៌មានឱ្យដឹងទៀតថា កាលពីថ្ងៃទី០១ ទី០២ និងទី០៣ ក្នុងខែឧសភា ឆ្នាំ២០២១ អ្នករត់ម៉ូតូកង់៣រូបនោះ បានចាប់រំលោភសេពសន្ថវៈទៅលើនារីរងគ្រោះ ដែលជាកូនចុង ជាច្រើនលើកច្រើនសា នៅចំណុច ផ្ទះដែលពួកគេស្នាក់នៅចំណុចផ្ទះជួល ផ្លូវបេតុង ក្រុមទី១០ ភូមិឃ្លាំងសាំង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ ។
បន្ទាប់ពីចាប់រំលោភភ្លាមៗ នាងពុំបានដាក់ពាក្យបណ្តឹងនោះទេ ដោយសារតែឪពុកចុង គំរាមកំហែង ដោយក្រោយមកនាងបានប្រាប់ម្តាយ ហើយម្តាយរបស់នាងក៏ទ្រាំលែងបាន ហើយរយៈពេលជាង១ខែក្រោយមក ទើបមកដាក់ពាក្យអោយសមត្ថកិច្ចឃាត់ខ្លួនតែម្តង ៕
មតិយោបល់