ព័ត៌មានជាតិ

ជនសង្ស័យម្នាក់ ខឹងទារលុយជំពាក់មិនបាន ទាញកាំបិតប៉័ងតោកាប់ក្បាលជនរងគ្រោះ ពីរនាក់ប្តីប្រពន្ធដេរជាច្រើនថ្នេរ ត្រូវសមត្ថកិច្ចឃាត់ខ្លួន

កណ្តាល: នៅថ្ងៃអាទិត្យ ៤កើត ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង១៨ និង១០នាទី មានករណីហិង្សា ដោយចេតនាមានស្ថានទម្ងន់ទោស ជនសង្ស័យម្នាក់ ខឹងទារលុយជំពាក់មិនបាន ទាញកាំបិតប៉័ងតោកាប់ក្បាលជនរងគ្រោះ ពីរនាក់ប្តីប្រពន្ធដេរជាច្រើនថ្នេរ ត្រូវសមត្ថកិច្ចឃាត់ខ្លួន
ស្ថិតត្រង់ចំណុចភូមិគគីរធំ២ ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។

ជនរងគ្រោះ២នាក់៖ ១.ឈ្មោះ ចយ ឆៃលីម ភេទប្រុស អាយុ ៣៨ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងដំដែក មានទីលំនៅភូមិគគីរធំ២ ឃុំគគីរធំ ស្រុក កៀនស្វាយ ខេត្តកណ្តាល។ ២.ឈ្មោះ សំរឹទ ចាន់ ភេទស្រី អាយុ ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិឃុំ ជាមួយគ្នា (ត្រូវជាប្តី ប្រពន្ធនឹងគ្នា) ។ ចំណែកជនសង្ស័យម្នាក់ឈ្មោះ ប៊ិន ធីតា ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិ គគីរធំ ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្ត កណ្តាល (ឃាត់ខ្លួន) ។

វត្ថុតាងចាប់យករួមមាន៖ ១.ម៉ូតូមួយគ្រឿងម៉ាក HONDA BEAT ស៊េរី២០២១ ពណ៌ក្រហម ពាក់ផ្លាកលេខកណ្ដាល 1AK.5803 ។

សភាពនៃរឿងហេតុ៖ នៅថ្ងៃកើតហេតុខាងលើឈ្មោះ ប៊ិន ធីតា ភេទប្រុស អាយុ២៧ឆ្នាំ មានទីលំនៅភូមិគគីរធំ ឃុំគគីរធំ ស្រុក កៀនស្វាយ ខេត្តកណ្តាល បានដឹកប្រពន្ធ ឈ្មោះ នូ ចាន់ថន អាយុ៤៨ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិ-ឃុំជាមួយគ្នា ដើម្បីទៅទារលុយ ដែលជនរងគ្រោះជំពាក់ ប៉ុន្តែជនរងគ្រោះទាំងពីរនាក់ប្តី ប្រពន្ធបានឆ្លើយថាគ្មានលុយទេ រង់ចាំថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១ ទើបមានលុយសង ។ ភ្លាមឈ្មោះ ប៊ិន ធីតា ភេទប្រុស (ជនសង្ស័យ) ខឹងបានហៅឈ្មោះ ចយ ឆៃលីម ភេទប្រុស (ជនរងគ្រោះ) ឲ្យមកជិតខ្លួន រួចក៏ទាញកាំបិតប៉័ងតោពីក្នុងកាបូបស្ពាយរបស់ខ្លួន កាប់ជនរងគ្រោះមួយកាំបិត ចំកណ្ដាលក្បាលដេរចំនួន០៤ថ្នេរ ឃើញដូច្នេះឈ្មោះ សំរឹទ ចាន់ (ជនរងគ្រោះ) ត្រូវជាប្រពន្ធ ឈ្មោះ ចយ ឆៃលីម ភេទប្រុស បានចូលឃាត់តែត្រូវ ឈ្មោ ប៊ិន ធីតា ភេទប្រុស កាប់មួយកាំបិតចំក្បាល ផ្នែកខាងក្រោយចំហៀងខាងឆ្វេង ដេរចំនួន០៧ថ្នេរ ។

ក្រោយពីធ្វើសកម្មភាពរួច ជនសង្ស័យបានរត់គេចខ្លួនបាត់ រួមជាមួយវត្ថុតាង ។ បន្ទាប់មកក្រុមគ្រួសាជនរងគ្រោះ បានមកដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំគគីរធំ ក្រោយពីទទួលបានពាក្យបណ្ដឹង កម្លាំងប៉ុស្តិ៍នគរបាល់រដ្ឋគគីរធំ ចុះដល់កន្លែងកើតហេតុ ដើម្បីស្វែងរកជនសង្ស័យ តែរកមិនឃើញ ។
ចំពោះករណីខាងលើ កម្លាំងផ្នែកនគរបាលយុត្តិធម៌ស្រុកកៀនស្វាយ សហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍គគីរធំ ស្រាវជ្រាវរកមុខសញ្ញា និងកសាងសំណុំរឿងបន្តចាត់ការតាមនីតិវិធី ។

បច្ចុប្បន្នជនរងគ្រោះទាំងពីរនាក់ប្តីប្រពន្ធ កំពុងសំរាក់ព្យាបាលរបួស នៅមណ្ឌលសុខភាពឃុំគគីរធំ ។ លុះដល់វេលាម៉ោង១៦ និង២០នាទីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១ ទើបកម្លាំងផ្នែកនគរបាលយុត្តិធម៌ស្រុកកៀនស្វាយ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលគគីរធំ ឃាត់ខ្លួនជនសង្ស័យឈ្មោះ ប៊ិន ធីតា ភេទប្រុស បាននៅចំពោះមុខសមត្ថកិច្ចឈ្មោះ ប៊ិន ធីតាភេទ ប្រុសបានឆ្លើយសារភាពថា ខ្លួនពិតជាបានប្រព្រឹត្តអំពើដូចខាងលើប្រាកដមែន ចំពោះវត្ថុតាងកាំបិតប៉័ងតោ ជនសង្ស័យបានបោះតាមផ្លូវ តែមិនចាំកន្លែងដោយសារយប់ងងឹត ។

បច្ចុប្បន្នជនសង្ស័យខាងលើ រួមនឹងវត្ថុតាង បញ្ចូនមកកាន់អធិការដ្ឋាននគរបាលស្រុកកៀនស្វាយ ដើម្បីបន្តចាត់ការតាមនីតិវិធីច្បាប់ ៕

មតិយោបល់