ភ្នំពេញៈ ក្មេងស្ទាវជាច្រើនក្រុមបានប្រមូលផ្ដុំពពាក់ពពូនគ្នា និងបានដេញវាយតប់គ្នាយ៉ាងអាណាធិបតេយ្យពេញសួនច្បារវត្តបទុមវតី ម្ដុំរង្វង់មូលសម្ដេចជួនណាត បណ្តាលឲ្យមានមនុស្សរងរបួស និងខូចខាតម៉ូតូចំនួន ៤គ្រឿង ត្រូវបានសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលចតុមុខ នាំយកទៅធ្វើការសាកសួរកាលពីវេលាម៉ោង ១១យប់ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១ ត្រង់ចំណុចរង្វង់មូលសម្ដេចសង្ឃជួនណាត និងសួនច្បារវត្តបទុមវតី ដែលនៅតាមបណ្ដោយផ្លូវព្រះសុរាម្រិត ស្ថិតក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញក្មេងស្ទាវមួយក្រុមមានគ្នាជិះ ២០នាក់ ជិះម៉ូតូជាង១០គ្រឿង ដែលដៃប្រដាប់ទៅដោយដុំថ្ម និងខ្សែក្រវាត់ប្រដេញគ្នាតាមបណ្ដោយផ្លូវព្រះសុរាម្រិតពីកើតទៅលិច លុះដល់ចំណុចកើតហេតុក្រុមក្មេងស្ទាវទាំងនោះ ក៏បានឈប់ចុះមកធ្វើការវាយតប់ទៅលើយុវជនមួយក្រុមមានគ្នា ៣ទៅ៤នាក់ ដែលកំពុងអង្គុយលេងរួមទាំងវាយកម្ទេចម៉ូតូម៉ាក ហុងដាឌ្រីម របស់ពួកគេចំនួន ២គ្រឿង បណ្តាលឲ្យរងការខូចខាតបែកចង្កៀងនិងកាបាំងដោយមិនដឹងថា មានរឿងរ៉ាវអ្វីនិងគ្នានោះទេ។
បន្ទាប់ពីបង្កជាហិង្សារួចក្រុមក្មេងស្ទាវទាំងនោះក៏បាននាំគ្នាជិះបន្តដំណើរចេញទៅមុខជាបន្តទៀត ពេលជិះទៅដល់ចំណុចសួនច្បារវត្តបទុមវតីក្រុមក្មេងស្ទាវទាំងនោះ ក៏បានធ្វើការវាយតប់ទៅលើយុវជនពីរនាក់ទៀត ដែលជិះម៉ូតូមួយគ្រឿងម៉ាក ហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1HL-0675 បណ្តាលឲ្យយុវជនទាំងពីរនោះភ័យស្លន់ស្លោ ងើបរត់ចោលម៉ូតូយករួចខ្លួនតែម្តង។ ហើយក្រុមក្មេងស្ទាវទាំងនោះក៏បានធ្វើការដេញវាយយុវជនម្នាក់ទៀត ដែលកំពុងតែជិះម៉ូតូមួយគ្រឿងម៉ាក ហុងដាស្កុបពី ពណ៌ស ពាក់ស្លាកលេខ កំពត1H-5657 បណ្តាលឲ្យយុវជនម្នាក់នោះរងរបួសស្រាល ចំណែកឯក្រុមក្មេងស្ទាវទាំងនោះ ក្រោយពីធ្វើការសកម្មភាពប្រើប្រាស់អំពើហិង្សា រួចក៏ជិះម៉ូតូបំបែកគ្នារត់គេចខ្លួនបាត់ស្រមោលតែម្តង។
ភ្លាមៗ ក៏ឃើញមានវត្តមានសមត្ថកិច្ចមូលដ្ឋាន បានចុះមកធ្វើការអន្តរាគមន៍ផងដែរ។
បើតាមសម្តីពីយុវជនជាម្នាក់ម៉ូតូទាំងបួនគ្រឿង ដែលត្រូវបានក្រុមក្មេងស្ទាវទាំងនោះ វាយបានរៀបរាប់ស្ទើរតែដូចគ្នាថា ពួកគេមិនដែលស្គាល់ហើយក៏មិនធ្លាប់មានជម្លោះជាមួយ និងក្រុមក្មេងស្ទាវទាំងអស់នោះទេ។ ហើយក៏មិនដឹងថា មានរឿងអ្វីបានជាក្រុមក្មេងស្ទាវទាំងនោះបាននាំគ្នាមកវាយពួកគេផងដែរ។
ក្រោយពេលកើតហេតុសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលចតុមុខ បានធ្វើការនាំខ្លួនយុវជនចំនួន ៥នាក់ រួមជាមួយម៉ូតូចំនួន ៤គ្រឿង ទៅកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាលចតុមុខ ដើម្បីធ្វើការសាកសួរ និងចាត់ការទៅតាមនីតិវិធីច្បាប់ជាបន្តទៀត។
ប្រភពដដែលបានបន្តថា កន្លងមកគឺគេសង្កេតឃើញមានក្រុមក្មេងស្ទាវជាច្រើនក្រុម បានមកធ្វើការប្រមូលផ្ដុំ និងពពាក់ពពូនគ្នាពេញខាងលើសួនច្បារវត្តបទុមវតី និងសួនច្បារផ្សេងទៀតនៅក្នុងភូមិសាស្ត្រសង្កាត់ចតុមុខ ខណ្ឌដូនពេញ។ ហើយក្រុមក្មេងស្ទាវទាំងអស់នោះតែងតែធ្វើសកម្មភាពបង្ហោះម៉ូតូ និងដេញវាយតប់គ្នាយ៉ាងអាណាធិបតេយ្យស្ទើរជារៀងរាល់ថ្ងៃ ប៉ុន្តែសមត្ថកិច្ចមូលដ្ឋានប៉ុស្តិ៍នគរបាលរដ្ឋបាលចតុមុខ ហាក់ដូចជាគ្មានចំណាត់ការទៅលើក្រុមក្មេងស្ទាវទាំងនោះទាល់តែសោះ៕
មតិយោបល់