រដ្ឋាភិបាលអង់គ្លេសបានប្រកាសកាលពីថ្ងៃអង្គារថា ប្រទេសអង់គ្លេសទទួលបានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីមួយជាមួយអូស្ត្រាលី ដែលជាកិច្ចព្រមព្រៀងពាណិជ្ជកម្មដ៏សំខាន់ដំបូងគេចាប់តាំងពីកិច្ចចរចាពីដំបូងចាប់តាំងពីអង់គ្លេសបានចេញពីសហភាពអឺរ៉ុប (EU) មក។
នាយកដ្ឋានពាណិជ្ជកម្មអន្តរជាតិបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ដោយយោងតាមកតិកាសញ្ញាមិនគិតពន្ធគយ រថយន្តរបស់អង់គ្លេស ស្រាវីស្គីស្កុត និងចំណីសត្វនឹងមានតម្លៃថោកដើម្បីដាក់លក់ទៅក្នុងប្រទេសអូស្ត្រាលី ដែលនឹងជម្រុញឧស្សាហកម្មដែលផ្តល់ការងារដល់មនុស្សចំនួន ៣,៥លាននាក់នៅទូទាំងប្រទេស។
សេចក្តីថ្លែងការណ៍នេះបាននិយាយថា នៅក្រោមកិច្ចព្រមព្រៀងនេះ កសិករអង់គ្លេសនឹងត្រូវបានការពារដោយការមិនយកពន្ធទៅលើទំនិញនាំចូលរយៈពេល ១៥ឆ្នាំ ហើយជនជាតិអង់គ្លេសដែលមានអាយុក្រោម ៣៥ឆ្នាំនឹងអាចធ្វើដំណើរ និងធ្វើការនៅក្នុងប្រទេសអូស្ត្រាលីបានដោយសេរី។
សេចក្តីថ្លែងការណ៍នេះបាននិយាយថា «ធាតុសំខាន់ៗនៃកិច្ចព្រមព្រៀងនេះត្រូវបានព្រមព្រៀងដោយនាយករដ្ឋមន្ត្រីអង់គ្លេស លោក Boris Johnson និងនាយករដ្ឋមន្ត្រីអូស្ត្រាលី លោក Scott Morrison នៅឯកិច្ចប្រជុំមួយនៅឯ Downing Street កាលពីយប់ថ្ងៃចន្ទ»។ សេចក្តីថ្លែងការណ៍នេះបាននិយាយបន្ថែមថា «កិច្ចព្រមព្រៀងចុងក្រោយជាគោលការណ៍ នឹងត្រូវបានផ្សព្វផ្សាយនៅប៉ុន្មានថ្ងៃខាងមុខនេះ»។
លោកស្រី Liz Truss រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មអន្តរជាតិរបស់អង់គ្លេសបាននិយាយថា «កិច្ចព្រមព្រៀងនេះបើកផ្លូវសម្រាប់ពួកយើងដើម្បីចូលរួមក្នុងភាពជាដៃគូអន្តរប៉ាស៊ីហ្វិកដែលមានទំហំពាណិជ្ជកម្ម ៩ទ្រីលានផោន (១២,៦៧ទ្រីលានដុល្លារអាម៉េរិក) ដែលជាទីផ្សានៃអ្នកប្រើប្រាស់ដ៏ធំបំផុតនាពេលបច្ចុប្បន្ន និងពេលអនាគត»។
សេចក្តីថ្លែងការណ៍នេះបាននិយាយថា ពាណិជ្ជកម្មរវាងប្រទេសទាំងពីរមានតម្លៃ ១៣,៩ប៊ីលានផោន (១៩,៥៧ប៊ីលានដុល្លារអាម៉េរិក) នៅក្នុងឆ្នាំ ២០២០ ហើយគ្រោងនឹងកើនឡើងបន្ថែមទៀតក្រោមកិច្ចព្រមព្រៀងនេះ៕
មតិយោបល់