ព័ត៌មានជាតិ

ប៊ិះទៅហើយម៉ែអើយ! ជួលបន្ទប់នៅមិនទាន់បាន១ថ្ងៃផង ត្រូវជនសង្ស័យ ចូលចាប់រំលោភ តែមិនសម្រេច

ភ្នំពេញៈ នារីវ័យក្មេងម្នាក់ ហួសចិត្តទាំងក្តីព្រួយបារម្មណ៍ បន្ទាប់ពីមកជួលបន្ទប់ស្នាក់នៅ មិនទាន់បាន១ថ្ងៃផង ស្រាប់មានបុរសម្នាក់ ចូលទៅប៉ុនប៉ងចាប់រំលោភខ្លួន តែមិនបានសម្រេច ដោយសារអ្នកជិតខាងឃើញទាន់ ស្រែកផ្អើលឆោឡោ ទៅប្តឹងប៉ូលិសចុះទៅអន្តរាគមន៍ តែត្រូវបានម្ចាស់ផ្ទះជួល២នាក់ប្តីប្រពន្ធ រារាំងកម្លាំងសមត្ថកិច្ច មិនអនុញ្ញាតឲ្យចូល ជាល្បិចកល ដើម្បីផ្តល់ឱកាសឲ្យជនលល្មើស រត់គេចតាមទ្វារក្រោយទៅបាត់ កាលពីវេលាម៉ោង១និង១០នាទីរសៀល ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៩ ស្ថិតនៅបន្ទប់លេខ១១៤ ជាន់ទី១ ផ្លូវ១៩៧២ ភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ជនសង្ស័យដែលម្ចាស់ផ្ទះ ឲ្យរត់គេចទៅបាត់នោះ មានឈ្មោះ រស់ នៅ ហៅទិត្យ នៅ ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរ មេការសំណង់ ស្នាក់នៅ ផ្ទះកើតហេតុ មានស្រុកកំណើត ភូមិត្រពាំងទី២ ឃុំព្រៃឃ្នេស ស្រុកមេសាង ខេត្តព្រៃវែង ។ ចំណែកនារីរងគ្រោះ ឈ្មោះ ទ.ម អាយុ២៥ឆ្នាំ មុខរបរ ជាងអ៊ុតសក់ ។

តាមនារីរងគ្រោះ បានរៀបរាប់ទាំងអារម្មណ៍ភ័យខ្លាចថា នាងទើបមកជួលបន្ទប់ ១១៤ ផ្ទះខាងលើស្នាក់នៅ រើឥវ៉ាន់ ដាក់ក្នុងបន្ទប់ កាលពីល្ងាចថ្ងៃទី២៤ លុះព្រឹកថ្ងៃទី២៥ រៀបចំបន្ទប់ មិនទាន់បានដេកសម្រាកផង ស្រាប់តែនៅវេលាម៉ោងខាងលើ ស្រាប់តែលេចមុខជនសង្ស័យ នាងមិនដែលស្គាល់ ដើរចូលចាប់ច្របាច់ក ផ្តួលនាង ប៉ុនប៉ងចាប់រំលោភ តែនាងស្រែក រើបម្រាស់ អ្នកជិតខាងឃើញ ស្រែកផ្អើលធ្វើឲ្យជនសង្ស័យ រត់ចុះមកក្រោមវិញ រួចក៏ទៅប្តឹងសមត្ថកិច្ច តែពេលកម្លាំងចុះដល់ផ្ទះកើតហេតុ បែរជាម្ចាស់ផ្ទះ២នាក់ប្តីប្រពន្ធ រារាំងមិនឲ្យសមត្ថកិច្ចចូលឡើយ ក្នុងបំណងទុកឱកាសឲ្យជនសង្ស័យ រត់គេចទៅបាត់សិន។

យ៉ាងណាមិញបើតាមប្រភពនៅកន្លែងកើតហេតុ មួយផ្សេងទៀត បានបង្ហើបប្រាប់ថា សង្ស័យជនល្មើស ត្រូវជាសាច់ញាតិរបស់ម្ចាស់ផ្ទះ ខ្លាចប៉ូលិសចាប់ខ្លួន ទើបម្ចាស់ផ្ទះ ប្រើល្បិចរារាំង មិនទាន់ឲ្យសមត្ថកិច្ចចូលភ្លាមទេ លុះជនសង្ស័យ រត់ចេញតាមទ្វារក្រោយទៅបាត់ហើយ ទើបឲ្យប៉ូលិស ចូលជាក្រោយ។

ដោយទង្វើម្ចាស់ផ្ទះ២នាក់ប្តីប្រពន្ធ ដូចជាសមគំនិត ជាមួយជនល្មើស ក្រោយកើតហេតុ សមត្ថកិច្ចហៅម្ចាស់ផ្ទះ នាំយកទៅសាកសួរនៅប៉ុស្តិ៍ រីឯនារីរងគ្រោះ ក៏ដាក់ពាក្យបណ្តឹងផងដែរ៕

មតិយោបល់