ព័ត៌មានជាតិ

ជនសង្ស័យម្នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួនពីបទគម្រាមសម្លាប់កូនស្រី ដុតផ្ទះនិងប្រើហិង្សាក្នុងគ្រួសារ

ពោធិ៍សាត់ៈ យោងតាមផេករបស់ផ្សព្វផ្សាយអប់រំ ក្រសួងមហាផ្ទៃ បានឲ្យដឹងថា ជនសង្ស័យម្នាក់ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលស្រុកក្រគរចាប់ឃាត់ខ្លួនពីបទប្រើអំពើហឹង្សាក្នុងគ្រួសារ(ធ្វើឲ្យខូចខាតទ្រព្យសម្បត្តិក្នុងផ្ទះនឹងជេរប្រមាថគំរាមសម្លាប់)កាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១ នៅវេលាម៉ោង៦និង៣០នាទីនៅចំណុចផ្ទះរបស់ឈ្មោះ ថោង ឆន ភេទស្រី អាយុ៦៦ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករមានទីលំនៅ ភូមិចំបក់ធំ ឃុំត្នោតជុំ ស្រុកក្រគរខេត្តពោធិ៍សាត់ ត្រូវជាម្ដាយជនសង្ស័យ។

យោងតាមរបាយការណ៍របស់អធិការដ្ឋាននគរបាលស្រុកក្រគរបានឲ្យដឹងថា សមត្ថកិច្ចបានទទួលពាក្យបណ្ដឹងពីជនរងគ្រោះខាងលើ កាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១ នៅវេលាម៉ោង៨និង៣០នាទីដែលបានប្តឹងជនសង្ស័យឈ្មោះ លីម គឹមឆេង ភេទប្រុសអាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ត្រូវជាកូនបង្កើតរបស់ខ្លួនដែលបានវាយកម្ទេច ម៉ូតូម៉ាក ICON ពណ៌សត្រួយចេកសេរីឆ្នាំ២០០៧ បណ្តាលឲ្យខូចខាតទាំងស្រុង បានគម្រាមសម្លាប់គាត់ កូនស្រីរបស់គាត់ និងចង់ដុតផ្ទះចោលកាលពីថ្ងៃទី១០ខែមិថុនាឆ្នាំ២០២១ នៅវេលាម៉ោងប្រហែល៦និង៣០នាទី។

យោងតាមការបំភ្លឺរបស់ម្តាយជនរងគ្រោះខាងលើបានឲ្យដឹងថា ពេលជនសង្ស័យក្រោកពីដេកបានទាលុយថ្លៃម៉ូតូដែលវាបានវ៉ៃចោលនៅមុខផ្ទះ ហើយបានគម្រាមថា បើមិនឲ្យលុយទេនឹងដុតផ្ទះចោល ហើយខ្លួនបានឆ្លើយថា ដុតក៏ដុតទៅប្រយត្ន័ឆេះផ្ទះគេជិតខាង វាមិនហ៊ានដុតទេ វាបានស្រែកគំរាមជេរប្រមាថ និងគំរាមសម្លាប់ខ្លួនកូនស្រីខ្លួន ឈ្មោះលឹម សុីផល បើមកពីធ្វើការនៅភ្នំពេញ ហ៊ានមកផ្ទះនឹងសម្លាប់ចោលមិនដឹងថាបងប្អូនទេ។

រយ:កាលកន្លងមកកូនប្រុសខ្លួនឈ្មោះ លីម គឹមឆេង ពេលផឹកសុីស្រវឹងនិងជក់ថ្នាំញៀនតែងតែវាយបំផ្លិតបំផ្លាញទ្រព្យសម្បត្តិនៅក្នុងផ្ទះមានដូចជា បោកទូរស័ព្ទចោល និងជេរប្រមាថគំរាមរកសម្លាប់ខ្លួនចោល និងរកដុតផ្ទះចោលទៀត។

របាយការណ៍បានឲ្យដឹងទៀតថា បន្ទាប់ពីទទួលបានពាក្យបណ្តឹងពីជនរងគ្រោះខាងលើ កម្លាំងសមត្ថកិច្ចបានចុះឃាត់ខ្លួនជនសង្ស័យនិងបានធ្វើតេស្តទឹកនោមរកសារធាតុញៀនក្នុងទឹកនោម លទ្ធផលឃើញវិជ្ជមាន។

អំពើហឹង្សានេះ បង្កឡើងដោយសារករណីស្រវឹងស្រា។

បច្ចុប្បន្នជនសង្ស័យត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកក្រគរ តាមបញ្ជារបស់ឯកឧត្តម កូយ កាន់យ៉ា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តពោធិ៍សាត់ ចុះថ្ងៃទី១៥ ខែមិថុនាឆ្នាំ២០២១ នៅវេលាម៉ោង១៧និង៤៦នាទី ដើម្បីចាត់ការទៅតាមនីតិវិធី៕

 

មតិយោបល់