ភ្នំពេញ: បុរសអ្នកបើកបរម៉ូតូរ៉ឺម៉កកង់បីម្នាក់ បានរងរបួសយ៉ាងធ្ងន់ធ្ងរ ដោយបាក់ភ្លៅខាងស្តាំម្ខាង និង រលាត់ដាច់សាច់ហូរឈាមស្រោចពេញខ្លួន ខណៈពេលដែលកំពុងតែបើកដឹកភ្ញៀវ ហើយឈប់ភ្លើងស្តុប និងត្រូវរថយន្តម៉ាក RAV 4 មួយគ្រឿង បើកបរដោយខ្វះការប្រុងប្រយ័ត្ន មកបុកពីក្រោយបណ្តាលឲ្យខ្ទាតធ្លាក់ចូលទៅ ខាងក្រោមរថយន្តកិនបន្ថែមនោះ។
សមត្ថកិច្ចបានឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះដែរ បានកើតឡើងកាលពីវេលាម៉ោង១និង៤៥ នាទីរសៀល ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៦នេះ នៅចំណុចភ្លើងស្តុបលូប្រាំ ផ្លូវ វេងស្រេង ភូមិដំណាក់ធំ២ ក្នុងសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។
បុរសរងគ្រោះ ត្រូវបានសមត្ថកិច្ចបញ្ចាក់ថាមានឈ្មោះ ឡូញ ភាព អាយុ ៤២ឆ្នាំ មានមុខរបរជាអ្នកបើកបរម៉ូតូរ៉ឺម៉កកង់បី ស្នាក់នៅផ្ទះជួល ក្នុងភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ រងរបួសយ៉ាងធ្ងន់ធ្ងរ និងត្រូវបានរថយន្តសង្គ្រោះបន្ទាន់ របស់គ្លីនិកឯកជនមួយ មកដឹកយកទៅសង្គ្រោះ។ អ្នកបើករបរថយន្តបង្ករឈ្មោះ ប៊ុន ធឿន ភេទប្រុស អាយុ ៣០ឆ្នាំ មានមុខរបជាជាងវាំងនន មានទីលំនៅក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានប្រាប់ឱ្យដឹងថា មុនពេលកើតហេតុគេបានឃើញបុរសរងគ្រោះ បានបើកម៉ូតូរ៉ឺម៉កកង់បីមួយគ្រឿង ពាក់ស្លាកលេខកណ្តាល1D-1007 មួយគ្រឿង ដឹកភ្ញៀវជាស្រ្តីជនជាតិបរទេសចំនួន ២នាក់ ក្នុងទិសដៅពីកើតទៅលិច លុះដល់កន្លែងកើតហេតុដែលជាចំណុចភ្លើងស្តុបភ្លើងក្រហមនោះ ក៏បានឈប់ក៏ស្រាប់តែរថយន្តម៉ាករ៉េវហ្វ័រ (RAV 4) ពណ៌ទឹកមាស ពាក់ស្លាកលេខភ្នំពេញ2M-8630 មួយគ្រឿង បើកបរដោយបុរសម្នាក់ខាងលើ បានបើកបរក្នុងល្បឿនលឿនទៅបុកពីក្រោយ បណ្តាលឲ្យរូបគាត់ខ្ទាតធ្លាក់ដី ចូលទៅខាងក្រោមរថយន្ត និងកិនពីលើបន្ថែមបណ្តាលឲ្យ បាក់ភ្លៅខាងស្តាំម្ខាង និងរលាត់ដាច់សាច់ឈាមហូរស្រោចពេញខ្លួន រងរបួសធ្ងន់តែម្តង និងម៉ូតូរ៉ម៉កកង់បីរងការខូចខាតយ៉ាងដំណំផងដែរ សំណាងល្អស្ត្រីជនបរទេរសជាភ្ញៀវទាំងពីរនាក់ មិនទទួលរងគ្រោះថ្នាក់។
ក្រោយពេលកើតហេតុ បុរសអ្នកបើរបរម៉ូតូរ៉ឺម៉កកង់បី ត្រូវបានរថយន្តសាមុយរបស់គ្លីនិកឯកជនមួយ មកដឹកយកទៅសង្គ្រោះ ចំណែកឯរថយន្តបង្ករ និងម៉ូតូរ៉ឺម៉កកង់បី ត្រូវបានបញ្ជូនយកទៅរក្សាទុក នៅការិយាល័យចរាចរណ៍ផ្លូវគោក រាជធានីភ្នំពេញ ដើម្បីរង់ចាំធ្វើការដោះស្រាយគ្នាជាបន្តទៅទៀត៕
មតិយោបល់